អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “៦ចំណុច ត្រូវគិត និងរៀបចំក្នុងពិធីអាពាហ៍ពិពាហ៍មុនមួយសប្តាហ៍”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE #AmericanInterconSchool
ពិធីរៀបមង្គលការជាការសម្រេចចិត្តដ៏សំខាន់ និងធំធេងនៅក្នុងឆាកជីវិតរបស់មនុស្សគ្រប់ៗគ្នា។ មុនពេលថ្ងៃរៀបអាពាហ៍ពិពាហ៍ខិតចូលមកដល់ កូនក្រមុំជាមួយកូនកំលោះច្បាស់ជាមមាញឹកជាមួយនឹងផែនការរៀបចំក្នុងពិធីរបស់ខ្លួន។ ដូចគ្នានេះដែរ ដើម្បីឱ្យពិធីមង្គលការប្រព្រឹត្តទៅដោយរលូន អនាគតគូស្វាមីភរិយាថ្មី គួរមកត្រៀមខ្លួនចំពោះ៦ចំណុចសំខាន់ៗយ៉ាងតិចមួយសប្តាហ៍ មុនពេលថ្ងៃពិសេសមកដល់។
១. រៀបចំសំលៀកបំពាក់កូនក្រមុំ-កំលោះឱ្យបានរៀបរយ :
ម្ចាស់ពិធីត្រូវប្រាកដថា បានរៀបចំតាំងពីការធ្វើសក់ ផាត់មុខ សម្លៀកបំពាក់ និងស្បែកជើង ដើម្បីឱ្យសក្តិសមជាឈុត។ ចៀសវាងការមិនពេញចិត្តជាមួយនឹងស្ទាយផាត់មុខ សម្លៀកបំពាក់រឹប ឬតឹងពេក ហើយខាតពេលវេលានៅពេលថ្ងៃពិសេសមកដល់។ ជាពិសេស រឿងតិចតួចដូចជា ការដាក់ដង្កៀបនៅលើសក់ និងហាត់ដើរជាមួយសម្លៀកបំពាក់កូនក្រមុំ-ស្បែកជើងកែង។ កុំមើលរំលងនូវចំណុចតូចតាចទាំងនេះ អ្នកត្រូវតែហាត់អនុវត្ត មុនមួយអាទិត្យនៅពេលថ្ងៃរៀបអាពាហ៍ពិពាហ៍។
២. សុំច្បាប់រៀបការ និងចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យរួចរាល់ :
បើតាមច្បាប់ក្នុងប្រទេសកម្ពុជា គ្រប់កូនប្រមុំ និងកូនកំលោះត្រូវសុំច្បាប់រៀបការ និងចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ពីអាជ្ញាធរនៅតាមឃុំសង្កាត់របស់ខ្លួន។ ការធ្វើបែបនេះដើម្បីឱ្យប្រាកដថា អនាគតគូស្វាមីភរិយា ពិតជានៅលីវ និងមិនមានប្តី ឬប្រពន្ធស្របច្បាប់ផ្សេងទៀត។ ប្រការសំខាន់វាបញ្ជាក់ថាមង្គលការរបស់អ្នកត្រូវបានអនុញ្ញាតតាមផ្លូវច្បាប់បានត្រឹមត្រូវ។
៣. រកកន្លែងស្នាក់នៅសម្រាប់ភ្ញៀវ និងសាច់ញាតិដែលមកពីឆ្ងាយ :
បើសិនជាអ្នកមានមិត្តភក្តិ ឬក្រុមគ្រួសារដែលធ្វើដំណើរមកពីខេត្តឆ្ងាយៗ អ្នកត្រូវគិតគូរពីកន្លែងស្នាក់នៅឱ្យបានសមរម្យក្នុងនាមជាម្ចាស់កម្មវិធី។ ជាពិសេសសម្រាប់ចាស់ទុំដែលពួកគាត់មានភាពនឿយហត់ក្នុងការធ្វើដំណើរមកចូលរួមក្នុពិធីរៀបការ។ អ្នកគួរតែចំណាយពេលឱ្យបានច្រើនក្នុងការសំណេះសំណាល ក៏ដូចជាថ្លែងអំណរគុណពួកគាត់ ។
៤. រៀបចំវត្ថុអនុស្សាវរីយ និងពិនិត្យមើលទីតាំងជាមួយការដេគ័រពិធីរៀបការ :
តាមទំនៀមទម្លាប់ខ្មែរ កូនក្រមុំ-កូនកំលោះនឹងឈរនៅមុខរោងអាពាហ៍ពិពាហ៍ដើម្បីចែកកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវដែលអញ្ជើញមកនៅពេលយប់។ ដូចច្នេះ អ្នកត្រូវជ្រើសរើសពីប្រភេទអំណោយតាមចំណង់ចំណូលចិត្ត និងសមរម្យ និងរាប់ចំនួនភ្ញៀវឱ្យបានច្បាស់លាស់ ដើម្បីឱ្យរួចរាល់មុនពេលពិធីមកដល់។ ចៀសវាងមានភ្ញៀវដែលមកក្រោយអាក់អន់ចិត្តចំពោះអ្នក។ ចំណែកការរៀបចំរោង និងការដេគ័រទាំងក្នុងនិងក្រៅរោង អ្នកត្រូវសម្រេចចិត្តជារួមអំពីការរចនា និងម៉ូតតុបតែងដែលចង់បាន។ ម្យ៉ាងអ្នកគួរណាត់ជួបជាមួយខាងសេវាកម្មដេគ័រឱ្យបានមុន ៥ទៅ៦ថ្ងៃ ចៀសវាងការមិនចុះសម្រុង និងរូបរាងចេញមកមិនពេញចិត្ត។
៥. តំណមមិនចេញក្រៅផ្ទះមុន និងក្រោយពិធីមង្គលការ :
តាំងពីសម័យបុរាណ ប្រជាជនខ្មែរមានជំនឿក្នុងការហាមឃាត់កូនក្រមុំ-កំលោះ ធ្វើដំណើរចេញក្រៅ មុននិងក្រោយថ្ងៃរៀបការក្នុងរយៈពេល៣ថ្ងៃ ទៅតាមការណែនាំរបស់គ្រូអាចារ្យ និងចាស់ទុំ។ ការធ្វើបែបនេះ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ជាពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្តង។ យ៉ាងណា ជំនឿនេះមិនបានអនុវត្តគ្រប់គ្រួសារក្នុងប្រទេសកម្ពុជាទាំងអស់នោះទេ ដោយខ្លះនៅតែប្រកាន់ខ្ជាប់ និងមួយចំនួនទៀតបោះបង់ចោលនូវជំនឿមួយនេះ។
៦. កក់កន្លែងក្រេបទឹកឃ្មុំ :
ចំពោះគូស្វាមីភរិយាថ្មីថ្មោង ដែលមានគម្រោងចង់ទៅក្រេបទឹកឃ្មុំ បន្ទាប់ពិធីអាពាហ៍ពិពាហ៍ចប់សព្វគ្រប់។ អ្នកត្រូវពិនិត្យមើលព័ត៌មានលម្អិតចំពោះគម្រោងដំណើរកម្សាន្តដូចជា ទីតាំងដែលចង់ទៅ កក់សំបុត្រយន្តហោះ និងរថយន្តតាក់ស៊ីសម្រាប់ដឹកអ្នកទៅព្រលានយន្តហោះ។ ចៀសវាងមានបញ្ហារាំងស្ទះកើតឡើង ប៉ះពាល់ដល់ថ្ងៃល្អរបស់អ្នក៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.kampucheathmey.com/kpt-plus/313673