អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ : “អត្ថប្រយោជន៍នៃការស្តាប់តន្ត្រី”
អត្ថបទដកស្រង់ដោយ : រុន បូរាំង
#MJQE #AmericanInterconSchool
តន្ត្រី គឺជាសម្ពន្ធមិត្តដ៏មានឥទ្ធិពលបំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូប។ តន្ត្រីអាចធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង អាចកាត់បន្ថយភាពតានតឹង និងជួយសម្រួលដល់ការបញ្ចេញអារម្មណ៍។ ការស្រាវជ្រាវបានបង្ហាញថា តន្ត្រីអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើងតាមវិធីជាច្រើន។ តន្ត្រីអាចព្យាបាលជំងឺផ្លូវចិត្តបានដូចជា ការបាក់ទឹកចិត្ត ភាពធុញថប់អារម្មណ៍ រហូតដល់ការគ្រប់គ្រងការឈឺចាប់ និងការពង្រឹងមុខងារពីជំងឺប្រព័ន្ធប្រសាទ។ យើងមាន៤ចំណុច ដើម្បីលើកមកបង្ហាញប្រាប់ពី អត្ថប្រយោជន៍នៃការស្តាប់តន្រ្តីដូចខាងក្រោម៖
១. ការកាត់បន្ថយភាពតានតឹង
មានវិធីជាច្រើនយ៉ាងក្នុងការកាត់បន្ថយភាពតានតឹង តែការស្ដាប់តន្រ្តី គឺជាវិធីសាស្រ្តដ៏ល្អបំផុត។ យើងអាចស្ដាប់ចម្រៀងបទកន្ត្រាក់អារម្មណ៍ណាមួយដោយបើកសំឡេងឱ្យខ្លាំងល្មម រួចស្រែកច្រៀងតាម ហើយអារម្មណ៍របស់អ្នកនឹងបានធូរស្បើយជាងមុន។ ម្យ៉ាងទៀត អ្នកអាចជ្រើសរើសបទដែលលន្លង់លន្លោច ឬភ្លេងសុទ្ធបែបស្រទន់នោះនឹងជួយឱ្យអារម្មណ៍ស្ងប់ជាងមុន។
២. ធ្វើឱ្យគេងលក់ស្រួល
មនុស្សជាច្រើនតែងតែស្តាប់ចម្រៀងលួងលោមមុនពេលចូលគេង ពីព្រោះធ្វើឱ្យការគេងរបស់ពួកគេលង់ លក់ស្រួល។ ការស្តាប់ភ្លេងអាចបន្ធូរអារម្មណ៍ ជាពិសេសធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពទាំងស្រុងក្នុងចិត្ត។
៣. ជីវិតមានតុល្យភាព
នៅក្នុងពេលវេលាដ៏មមាញឹកបំផុត វាអាចពិបាកក្នុងការបង្កើតតុល្យភាពនៃអារម្មណ៍នៅក្នុងជីវិតរបស់ យើង។ តាមរយៈការស្តាប់តន្ត្រីលួងលោម តន្ត្រីធម្មជាតិ ឬតន្ត្រីសមាធិនឹងជួយអ្នកឱ្យមានតុល្យភាពក្នុង ជីវិត។
៤. តន្ត្រីអាចផ្លាស់ប្ដូរការគិត
ភាពសោកសៅអាចនៅជាប់យូរអង្វែង និងមិនអាចប្រកែកបាន។ អ្វីដែលយើងគួរធ្វើនោះ គឺស្ដាប់បទភ្លេងដែលយើងចូលចិត្ត។ អ្នកឯកទេសបានបង្ហាញថាការស្ដាប់តន្ត្រីផ្ទាល់ គឺជាវេទមន្តជួយយើងក្នុងការសម្រេចការគិតសប្បាយៗ។ តន្ត្រីពិតជាអស្ចារ្យខ្លាំងណាស់ វាគឺជាឱសថប្រឆាំងការបាក់ទឹកចិត្តរបស់មនុស្ស។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://infotainment.ams.com.kh/news/5-benifits-of-music-listenin