វិធីសាស្រ្ត៧ យ៉ាងជួយថែទាំភ្នែកឱ្យមានសុខភាពល្

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្ត៧ យ៉ាងជួយថែទាំភ្នែកឱ្យមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : អ៊ិន ដារ៉ា
#MJQE #AmericanInterconSchool


ភ្នែកយើងងាយនឹងរងគ្រោះ ហើយក៏អាចចុះខ្សោយដោយសារបញ្ហាជាច្រើនដែលយើងមិនចាប់អារម្មណ៍។ យើងមានភ្នែកតែមួយគូប៉ុណ្ណោះក្នុងមួយជីវិត ហេតុនេះពិតជាមានសារៈសំខាន់ណាស់ដែលយើងមិនត្រូវលេងសើច ធ្វេសប្រហែសចំពោះសុខភាពភ្នែក ពិសេសពេលមានបញ្ហាណាមួយកើតឡើងនោះទេ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៧យ៉ាងដែលអាចជួយថែទាំភ្នែកឱ្យមានសុខភាពល្អដូចជា៖

១. ញុំាអាហារជំនួយភ្នែក :
ភ្នែកអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីរបបអាហារដែលសម្បូរទៅដោយអាស៊ីដខ្លាញ់ omega-3 លូទីន ស័ង្កសី និងវីតាមីនC និងE ខណៈវីតាមីនE អាចមាននៅក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និងប្រេងស្រូវសាឡី ព្រមទាំងមានជាអាហារបំប៉នផងដែរ។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែជួយរក្សាការមើលឃើញច្បាស់ស្របពេលដែលយើងមានវ័យកាន់តែចាស់ទេ ថែមទាំងជួយបង្ការជំងឺភ្នែកជាច្រើនថែមទៀត។

២. បោះបង់ការជក់បារី :
ការជក់បារីគឺបណ្ដាលឱ្យមានជំងឺភ្នែកជាច្រើនរួមមាន ជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអ៊ុបទិច និងវិបត្តិកែវភ្នែក ជំងឺជរា។ ការផ្ដាច់បារីពិតជាពិបាកណាស់សម្រាប់បុគ្គលមួយចំនួន ដោយមនុស្សភាគច្រើនគឺមិនទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូង។ តួយ៉ាងនៅពេលដែលយើងសាកល្បងកាន់តែច្រើន ឱកាសជោគជ័យក៏មានកាន់តែខ្ពស់។

៣. ប្រើវ៉ែនតាការពារកម្ដៅថ្ងៃ :
វ៉ែនតាការពារកម្ដៅល្អគឺការពារភ្នែកយើងពីកាំរស្មី UV និងជំងឺភ្នែកឡើងបាយ ព្រមទាំងវិបត្តិកែវភ្នែករបស់អ្នកជំងឺ ដោយសារការប៉ះពាល់លើសលប់នឹងកាំរស្មី UV។ យើងគួរទិញវ៉ែនតាការពារកម្ដៅថ្ងៃដែលអាចបាំងកាំរស្មី UVAនិង UVB បាន១០០%។ លែនដាក់ក្នុងភ្នែកខ្លះក៏ផ្ដល់នូវការពារពីកាំរស្មី UV ផងដែរ ប៉ុន្តែការពាក់វ៉ែនតាការពារកម្ដៅថ្ងៃត្រូវបានណែនាំឱ្យប្រើប្រាស់ច្រើនជាងប្រើលែននេះ។

៤. ហាមភ្លេចពាក់របស់ការពារភ្នែក :
ប្រសិនបើយើងធ្វើការដែលប៉ះពាល់ជាមួយសារធាតុពុល ឬភាគល្អិតតូចៗយើងត្រូវពាក់វ៉ែនតាការពារគ្រប់ពេល ។ សកម្មភាពផ្សេងទៀតដែលត្រូវការការពារភ្នែកគឺការលេងកីឡាដែលមានគ្រោះថ្នាក់ដូចជាកីឡា hockey racquetball និង lacrosse។

៥. កំណត់ពេលលើកញ្ចក់អេឡិចត្រូនិក :
ការមើលទៅលើកញ្ចក់កុំព្យូទ័រដែលមានរយៈពេលយូរអាចធ្វើឱ្យយើងចុករោយភ្នែក ស្រវាំងស្ងួតភ្នែក ឈឺក្បាល កញ្ចឹងក និងខ្នង។ សាកល្បងសម្រាករាល់២០នាទីម្ដងដោយងាកមើលវត្ថុនៅឆ្ងាយផ្សេងជំនួសវិញ ហោចណាស់២០វិនាទី។ រាល់២ម៉ោងម្ដងយើងគួរតែសម្រាកមួយភ្លែតពីកញ្ចក់កុំព្យូទ័រ។

៦. រៀបកាលវិភាគសម្រាប់ពិនិត្យភ្នែកឱ្យបានទៀងទាត់ :
យោងទៅតាមតម្រូវការភ្នែក គឺយើងអាចត្រូវទៅជួបអ្នកឯកទេសភ្នែក ឬគ្រូពេទ្យភ្នែកក្នុងការពិនិត្យ។ គ្រូពេទ្យភ្នែកគឺជាវេជ្ជបណ្ឌិតដែលបានហាត់រៀនពិសេសក្នុងការថែទាំភ្នែក។ គ្រូពេទ្យគឺធ្វើការថែទាំភ្នែកទូទៅ និងព្យាបាលជំងឺភ្នែក ព្រមទាំងវះកាត់ភ្នែកផងដែរ។ សម្រាប់អ្នកឯកទេសភ្នែកវិញ គឺជាអ្នកដែលរៀនជំនាញ៤ឆ្នាំក្រោយចប់ថ្នាក់វិទ្យាល័យដែលអាចធ្វើការងារសឹងទាំងអស់ដូចគ្រូពេទ្យភ្នែក លើកលែងតែការវះកាត់ប៉ុណ្ណោះ។

៧. ប្រុងប្រយ័ត្នជាមួយខ្យល់បរិយាកាស :
ខ្យល់ស្ងួតអាចជះឥទ្ធិពលអាក្រក់មកលើភ្នែករបស់យើងបាន។ ប្រសិនបើយើងរស់នៅក្នុងកន្លែងដែលស្ងួតគួរតែមានម៉ាស៊ីន humidifier (ម៉ាស៊ីនផ្ដល់សំណើម) តាមខ្លួនដើម្បីកុំឱ្យភ្នែកស្រកាំដោយសារភាពស្ងួតក្នុងបរិយាកាស។ នៅពេលដែលនិយាយដល់សុខភាពភ្នែកការបង្ការគឺជាវិធីល្អ១០០ដងជាងការព្យាបាល។ យើងត្រូវតែសកម្មជាទីបំផុតក្នុងការថែរក្សាភ្នែកមិនគួរចាំរហូតទាល់តែមានបញ្ហាទើបដោះស្រាយនោះទេ ព្រោះថាអាចយឺតពេលក៏ថាបាន។

 អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://hellokrupet.com/%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%97%e1%9f%92%e1%9e%93%e1%9f%82%e1%9e%80/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%90%e1%9f%82%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%97%e1%9f%92%e1%9e%93%e1%9f%82%e1%9e%80/108196/