អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទៈ “វិធីសាមញ្ញៗ៣ចំណុចដើម្បីអភិវឌ្ឍស្តង់ដានៃការរស់នៅ"
អត្ថបទដកស្រង់ដោយ : មុំ ស៊ីដារ៉ា
#MJQE#AmericanInterconSchool
ការរស់នៅមួយដែលមានស្តង់ដា អាចជួយដល់អ្នកកំណត់ការរស់នៅមួយដែលមានដែនកំណត់ច្បាស់លាស់ អាចជួយដល់ការសម្រេចចិត្តក្នុងកិច្ចការណាមួយបានត្រឹមត្រូវ និងអាចជំរុញខ្លួនអ្នកឱ្យស្រលាញ់នូវអ្វីដែលខ្លួនកំពុងមាន។ ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សកាន់តែរវល់ មិនបានគិតគូរពីរបៀបរស់នៅមួយឱ្យមានសារៈសំខាន់សម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន។ ដើម្បីទទួលបានការរស់នៅមួយដែលមានស្តង់ដា អ្នកគួរអនុវត្តតាម៣ចំណុចដ៏សាមញ្ញៗដូចខាងក្រោម៖
១. និយមន័យ នៃការរំពឹងទុក :
ម្តងម្កាលការដាក់ក្ដីរំពឹង ក៏អាចសម្លាប់ទឹកចិត្តមនុស្សដែរ តែយ៉ាងណាមិញការកំណត់ឱ្យជាក់លាក់អំពីអ្វីដែលអ្នកត្រូវការ ឬក៏រំពឹងទុក មិនថាអាជីពការងារ ស្នេហាទំនាក់ទំនង ការសិក្សា គ្រួសារ និងហិរញ្ញវត្ថុជាដើម។ ហើយរបៀបនៃការកំណត់នោះ គឺឆ្លុះបញ្ចាំងអំពីតម្លៃ និងយល់ឱ្យច្បាស់ថា អ្វីទៅដែលផ្តល់អត្ថន័យចំពោះខ្លួនឯង។ បន្ទាប់មកទៀត សរសេរចុះរាល់អ្វីដែលបានរំពឹង កុំគ្រាន់តែគិតទុកក្នុងចិត្ត។ ជាកិច្ចបន្ទាប់គឺពិនិត្យតារាងបញ្ជីដែលបានសរសេររាល់ការរំពឹងទុកកន្លងមកឡើងវិញជាប្រចាំ ដើម្បីផ្ទៀងផ្ទាត់អ្វីដែលបានសម្រេច និងកែតម្រូវឱ្យប្រសើរជាងមុន។
២. ផ្តល់អាទិភាពចំពោះការគោរពខ្លួនឯង :
ត្រូវផ្តល់អាទិភាពដល់ខ្លួនឯងជាមុន ដោយហេតុថា រាល់ដំណើរជីវិតការងារ គ្រួសារ និងទំនាក់ទំនង សំខាន់ៗទាំងឡាយគឺនឹងផ្លាស់ប្តូរនៅពេលខាងមុខ។ ការគិតគូរពីតុល្យភាពរស់នៅ ការប្រព្រឹត្តសកម្មភាពល្អៗចំពោះខ្លួនឯង ការប្រើប្រាស់ថាមពលឱ្យចំគោលដៅ ឬតម្រូវការផ្ទាល់ខ្លួន។ ដើម្បីផ្តល់អាទិភាពចំពោះការគោរពខ្លួនឯងបានល្អ ជាដំបូងអ្នកត្រូវដាក់ដែនកំណត់ចំពោះខ្លួនឯង រួមទាំងការ ពិនិត្យមើលការរពឹងទុកជាប្រចាំ។
៣. រៀនសូត្រជាប្រចាំ : តាមដានស្ថានការប្រចាំថ្ងៃ ជាបច្ច័យដើម្បីដេញតាមស្ថានការពិភពលោកដែលកំពុងដើរទៅមុខយ៉ាងលឿនរហ័ស។ បន្ថែមពីការតាមដានរឿងរ៉ាវ ការរៀនសូត្រជាប្រចាំតាមរយៈបញ្ញាសិប្បនិម្មិត (AI) ក៏ជាចំណែកផ្តល់ភាពងាយស្រួលក្នុងការរៀនសូត្រដែរ។ នៅមានវិធីផ្សេងៗទៀតដើម្បីរក្សាការរៀនសូត្រជាប្រចាំឱ្យមានប្រសិទ្ធភាពដូចជា អានសៀវភៅពីរបីទំព័រក្នុងមួយថ្ងៃ ទុកពេលដើម្បីអភិវឌ្ឍខ្លួន និងទៅរកអ្នកពិភាក្សាដែលស្របនឹងចំណូលចិត្តផ្ទាល់ខ្លួន៕