វិធីសាស្ត្របង្រៀនកូនពីវិធីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “វិធីសាស្ត្របង្រៀនកូនពីវិធីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ”
អត្ថបទដកស្រង់ដោយ :  ពៅ ភក្តី
#MJQE#AmericanInterconSchool

មនុស្សគ្រប់រូបរាប់តាំងពីចាប់កំណើត រហូតដល់ពេលចាស់ជរាលាចាកលោកត្រឡប់ទៅវិញ តែងតែជួបឧបសគ្គ និងគ្រោះថ្នាក់ផ្សេងៗរាប់មិនអស់ ជាពិសេសកុមារអាចនឹងប្រឈមមុខជាមួយគ្រោះថ្នាក់នៅក្នុងជីវិតរបស់ពួកគេ។ ទាំងអស់នេះវាអាស្រ័យទៅលើឪពុកម្តាយ ឬមនុស្សធំដែលនៅជុំវិញប្អូនៗចេះរបៀបរៀបចំឧបករណ៍ ឬវិធីសាស្ត្រមួយចំនួនដែលជាធាតុចាំបាច់ខ្លះ ដើម្បីកាត់បន្ថយឱកាសគ្រោះថ្នាក់ដែលតែងតែកើតមានឡើងចំពោះពួកគេ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលពួកគេគួរតែទទួលបានការបង្រៀនពីអ្នកនៅជុំវិញខ្លួន ពិសេសឪពុកម្តាយ៖

•  ត្រូវបង្រៀនកូនជាប្រចាំពីរបៀបទាក់ទងមកអ្នក នៅពេលដែលគាត់ត្រូវការជំនួយតាមរយៈ ទូរសព្ទ និងបណ្តាញទំនាក់ទំនងផ្សេងទៀត។
•  គួរតែបង្រៀនកូនឱ្យប្រាប់ពីបញ្ហាដែលកំពុងជួបប្រទះ និងឱ្យកូនចេះរកវិធីសាស្ត្រដោះ ស្រាយបញ្ហា តែឪពុកម្តាយផ្តល់ជាវិធីសាស្ត្រខ្លះ និងតាមដានពីក្រោយ។
•  ប្រាប់កូនរបស់អ្នកឱ្យសុំការអនុញ្ញាតពីអ្នក មុននឹងទៅកន្លែងណាដែលគ្មានអ្នកទៅជាមួយ មិនថាទៅជាមួយបងប្អូន មិត្តភក្តិ ឬលោកគ្រូ អ្នកគ្រូ។
•  ត្រូវបង្រៀនពួកគេឱ្យដឹងពីទីតាំងដែលមានសុវត្ថិភាពក្នុងការលេង ផ្លូវដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ និងទីកន្លែងដែលគ្មានសុវត្ថិភាពពេលចូលរួម ពិសេសរបៀបរំដោះខ្លួន ចេញពីទីតាំងដែលគិតថាគ្រោះថ្នាក់។
•  ពន្យល់កូនរបស់អ្នកឱ្យចេះស្វែងរកជំនួយភ្លាមៗ ប្រសិនបើគេមានអារម្មណ៍ខ្លាច និងគិតថា មិនមានសុវត្ថិភាពចំពោះគាត់។
•  ត្រូវបង្រៀនកូនពីរបៀបនិយាយ និងការឆ្លើយតបបញ្ហាក្នុងការរំដោះខ្លួនចេញពីទីតាំងដែល គិតថាមិនមានសុវត្ថិភាព។
•  ត្រូវណែនាំកូនពីការរាប់អានមិត្តភក្តិ និងចេះមើលពីរបៀបលេងរបស់ក្រុមខ្លួនដែលកំពុង សេពគប់។
•  បង្រៀនកូនជាប្រចាំពីទីតាំងដែលមានសុវត្ថិភាពពេលមានគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី និងអគ្គីភ័យជាដើម។

ចំណុចខ្លះៗដែលបានរៀបរាប់ខាងលើ ជាចំណែកមួយតូចដែលឪពុកម្តាយ ឬមនុស្សធំ ដែល នៅជុំវិញកុមារគួរតែបង្រៀនពួកគេជាចាំបាច់ ដើម្បីជាចំណេះដឹងខ្លះសម្រាប់ពួកគេនៅពេល ដែលគាត់ទៅឆ្ងាយពីយើង ហើយយើងជាឪពុកម្តាយក៏មានទំនុកចិត្តក្នុងការធ្វើដំណើររបស់ពួក គេ។ ត្រូវបង្រៀនពួកគេឱ្យពិចារណាជាប្រចាំថា “គ្រប់ការធ្វើដំណើរ ការលេងកម្សាន្ត គិតពី    សុវត្ថិភាពជាចម្បង”។