អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តួនាទីគ្រួសារក្នុងការអប់រំសីលធម៌ និងសុជីវធម៌ដ៏មានឥទ្ធិពលបំផុតសម្រាប់យុវជន”
អត្ថបទដកស្រង់ដោយ : ប៉ែន មាលតី
#MJQE#AmericanInterconSchool
ស្របតាមការរីកចម្រើនសង្គម និងសេដ្ឋកិច្ច ព្រមទាំងរក្សាទំនៀមទម្លាប់ប្រពៃណីប្រតិបត្តិសីលធម៌ក្នុងសង្គមខ្មែរ ឪពុកម្តាយ និងអ្នកអាណាព្យាបាលគ្រប់រូបមានតួនាទីសំខាន់ក្នុងការអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌រស់នៅល្អប្រសើរ។ សកម្មភាពបង្ហាញពីការអប់រំដោយគំរូភាពល្អៗ នឹងជះឥទ្ធិពលពេញមួយដំណើរជីវិតរបស់កូន។
ទន្ទឹមគ្នានេះ រាល់ទង្វើរបស់ឪពុកម្តាយនៅក្នុងគ្រួសារសុទ្ធសឹងជាគំរូភាពសម្រាប់កូន។ ប្រសិនបើម្តាយឪពុកប្រើប្រាស់ពាក្យពេចន៍សន្ទនាដាក់គ្នាទៅវិញទៅមកដោយសមរម្យ នោះកូននៅក្នុងគ្រួសារនឹងរៀនសូត្រពីគំរូភាពទាំងនេះ។ ផ្ទុយទៅវិញ ប្រសិនបើឪពុកម្តាយពុំបានបង្ហាញពីទង្វើអប់រំប្រកបដោយសីលធម៌ណាមួយ នោះកុមារ ឬយុវជននៅក្នុងគ្រួសារងាយនឹងប្រព្រឹត្តខ្លួនតាមគន្លងឪពុកម្តាយ។ ឪពុកម្តាយជាគ្រូបង្រៀនសីលធម៌ និងសុជីវធម៌សង្គមដ៏មានប្រសិទ្ធភាពបំផុត។
ខណៈសាលារៀនជាស្ថាប័នបណ្តុះបណ្តាល និងអប់រំសីលធម៌យុវជនសំខាន់នៅក្នុងសង្គម ការបណ្តុះ បណ្តាលសីលធម៌យុវជននៅសាលារៀនជាភារកិច្ចអប់រំស្នូលបន្ទាប់ពីការអប់រំនៅក្នុងគ្រួសារ។ សម្រាប់អ្នកអប់រំយល់ឃើញថា វិន័យ សីលធម៌ សុជីវធម៌របស់យុវជន ចាំបាច់ត្រូវតែបង្រៀន និងជំរុញឱ្យសិស្សានុសិស្សរៀនអនុវត្តជាប្រចាំ ដើម្បីឱ្យពួកគេប្រែក្លាយខ្លួនជាធនធានមនុស្សមានចំណេះដឹង សមត្ថភាព និងមានសីលធម៌រស់នៅល្អប្រពៃ។
ជុំវិញការលើកឡើងអំពីសារៈសំខាន់នៃសីលធម៌ និងសុជីវធម៌សម្រាប់យុវជន យើងក៏មើលឃើញអំពីមុខវិជ្ជាសិក្សាសីលធម៌-ពលរដ្ឋវិជ្ជា ជាមុខវិជ្ជាចាំបាច់មួយក្នុងការរួមចំណែកអប់រំនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ មានឥរិយាបថវិជ្ជាច្រើនណាស់ដែលបុគ្គលអាចបង្ហាញថា ខ្លួនជាមនុស្សមានសីលធម៌ និងសុជីវធម៌។ សកម្មភាពទាំងនោះមានដូចជា ការប្រើប្រាស់ពាក្យពេចន៍សន្ទនាសមរម្យ និងត្រូវកាលវេលា ការលើកដៃសំពះគារវកិច្ចដល់គ្នាទៅវិញទៅមក ស្តាប់អ្នកដទៃនិយាយដោយយកចិត្តទុកដាក់ គោរពច្បាប់ និងសណ្តាប់ធ្នាប់សង្គម ផ្តល់គំរូភាពល្អៗដល់អ្នកដទៃ និងបង្ហាញស្នាមញញឹមទៅកាន់នរណាម្នាក់ជាដើម។
សូមជម្រាបថា តាមការស្រាវជ្រាវពីការអប់រំសង្គម ការអប់រំសីលធម៌យុវជន ចាំបាច់ត្រូវមានតួអង្គសំខាន់ៗចំនួន៤ រួមមាន ការអប់រំនៅក្នុងគ្រួសារ ការអប់រំនៅសាលារៀន ការអប់រំនៅក្នុងសហគមន៍ និងការអប់រំដោយបុគ្គលខ្លួនឯង។ បើតាមការអប់រំនៅក្នុងព្រះពុទ្ធសាសនា ឪពុកម្តាយជាគ្រូទី១ ឬជាគ្រូដើមរបស់កូន ដែលមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលគ្រប់ឥរិយាបថរស់នៅទៅកាន់កូន។ សង្គមខ្មែរកាលបើបុគ្គលប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ចាត់ទុកបុគ្គលនោះជាមនុស្សមានវិន័យ និងទទួលបានការគោរពឱ្យតម្លៃត្រឡប់វិញ ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://education.ams.com.kh/education