ការបង្កើតទម្លាប់អានដល់កុមារ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការបង្កើតទម្លាប់អានដល់កុមារ”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE#AmericanInterconSchool


កុមារគឺជាវ័យដែលត្រូវយកចិត្តទុកដាក់ និងបង្កើតទម្លាប់ល្អៗសម្រាប់ការប្រតិបត្តិប្រចាំថ្ងៃ ទាំងឥរិយាបថ ការអង្កេត ការសិក្សា ព្រោះពួកគាត់ចូលចិត្តត្រាប់តាមមនុស្សនៅជុំវិញ។ ហេតុដូចនេះក្នុងនាមជាអ្នកអាណាព្យាបាលត្រូវរៀបចំផែនការក្នុងការជួយបំពេញនូវរាល់ទម្លាប់ល្អៗទាំងអស់នោះជាចាំបាច់។ ការអានគឺជាមូលដ្ឋានមួយក្នុងការជំរុញលើកទឹកចិត្តដល់កុមារឱ្យស្រលាញ់ការសិក្សា មានចិត្តអំណត់ ព្យាយាម យកចិត្តទុកដាក់ និងអាចបង្កើតនូវមូលដ្ឋានគ្រឹះនៃការយល់ដឹងកាន់រឹងមាំបន្ថែមទៀត។ «ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ» គឺជាពាក្យស្លោកដ៏មានអត្ថន័យទូលំទូលាយនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨ ឆ្នាំ២០១៩។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការជួយឱ្យកូនៗលោកអ្នកចូលចិត្តការអាន៖

១. បង្កើតទម្លាប់ក្នុងគ្រួសារ :
មាតាបិតា ឬអ្នកអាណាព្យាបាលត្រូវធ្វើជាគំរូដល់កុមារ ត្រូវបង្កើតទម្លាប់ការអានឱ្យបុត្រធីតាបានឃើញ ឬអានឱ្យជាមួយនឹងកូនៗ និទានរឿងអមជាមួយនឹងល្បែងសិក្សាសប្បាយៗ ហើយសមាជិកគ្រួសារគួរតែកុំប្រើប្រាស់ទូរសព្ទឱ្យកុមារបានឃើញអំឡុងពេលនោះឡើយ។

២. បណ្ដុះគំនិតស្រលាញ់សៀវភៅ :
ដំបូងយើងគួរតែបណ្តុះទម្លាប់ក្នុងការស្រលាញ់សៀវភៅដល់ពួកគាត់ ទោះបីជាសៀវភៅរូបភាព រឿងនិទាន រឿងកំប្លែង... ដែលអាចឱ្យពួកគាត់មើល ឬអាន ហើយសប្បាយចិត្តចង់មើលចង់អានម្តងហើយម្តងទៀត។

៣. បណ្ដុះទម្លាប់ការអាន :  
លោកឪពុក អ្នកម្តាយ គួរផ្តើមពីចំណុចលើកទឹកចិត្ត និងជំរុញឱ្យកូនៗស្រលាញ់សៀវភៅជាមុនសិន។ ពេលទំនេរ ឬក្រោយអាហារពេលល្ងាចមុនចូលគេង លោកអ្នកគួរចំណាយពេលពី២០នាទី ឬកន្លះម៉ោងរៀងរាល់ថ្ងៃដើម្បីអានសៀវភៅឱ្យកូនស្តាប់។

៤. បង្កើតបរិយាកាស :
ឪពុកម្តាយគួរតែបង្កើតបណ្ណាល័យគ្រួសារមួយសមស្របទៅតាមទីតាំងដែលមានសៀវភៅសម្រាប់អាន បង្កើតបរិយាកាសមួយល្អដើម្បីដំណឹកនាំកូនៗអាន ឬនាំកូនៗជាទីស្រឡាញ់ទិញសម្ភារសិក្សា សៀវភៅដែលពួកគាត់ពេញចិត្តនៅតាមបណ្ណាគារ ឬនាំពួកគាត់ទៅអានសៀវភៅនៅទីកន្លែងដែលមានបរិយាកាសល្អ ចូលរួមការតាំងពិព័រណ៍សៀវភៅ ឬកម្មវិធីអំណានជាតិ។ សកម្មភាពចូលរួមទាំងអស់នោះគឺជាការបង្កើតបរិយាកាសដ៏ល្អប្រសើរបំផុត។

ដោយហេតុនេះហើយបានជាសាលារៀន អន្តរទ្វីប អាមេរិកាំង ដាក់ផែនការតាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដោយឱ្យលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ក្នុងការអានរឿងនិទាន កាលវិភាគចូលបណ្ណាល័យ ពង្រឹងការអានភាសាខ្មែរ កម្មវិធីប្រកួតប្រជែង កិច្ចការស្រាវជ្រាវ ហ្វឹកហាត់កិច្ចការជាក្រុម... ដើម្បីជាការដឹកនាំ និងជំរុញលើកទឹកចិត្តសិស្ស ក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់អ្នកអាណាព្យាបាលឱ្យសិស្សអាន សិស្សរំឭក និងប្រតិបត្តិជាប្រចាំ។ ដូច្នេះឪពុកម្តាយ ឬអ្នកអាណាព្យាបាលដែលប្រាថ្នាឱ្យកូនៗទទួលបានជោគជ័យនៅក្នុងជីវិតទៅថ្ងៃអនាគត គួរបណ្តុះទម្លាប់ឱ្យពួកគាត់ស្រលាញ់ ចូលចិត្តអានសៀវភៅ។ សៀវភៅ គឺជាទីប្រឹក្សាជីវិតដ៏មានតម្លៃបំផុត៕