មូលនិធិ ម៉េងលី ជេ. គួច នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំយុទ្ធនាការបរិច្ចាគឈាម លើកទី៨ ក្រោមប្រធានបទ៖ «ជូនកាដូតាមរយៈការបរិច្ចាគឈាម គឺជូនកាដូជួយសង្រ្គោះជីវិតមនុស្ស» នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)សាខាសែនសុខ។
ក្នុងយុទ្ធនាការនេះ មានការអញ្ជើញចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្តពីលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ប្រមាណជាង១០០នាក់។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមបរិច្ចាគឈាមពីប្រជាពលរដ្ឋផងដែរ។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តំណាងឱ្យអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបង្ហាញអំពីសេចក្ដីសោមនស្សរីករាយដែលបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម លើកទី៨នេះ។ លោកស្រី ចាត់ទុកយុទ្ធនាការបរិច្ចាគឈាមនេះ បង្ហាញអំពីសន្ដានចិត្តដ៏ថ្លៃថ្លារបស់អ្នកស្ម័គ្រចិត្តផ្ដល់ឈាមទាំងអស់ជូនទៅដល់អ្នកជំងឺដែលត្រូវការឈាមដើម្បីសង្រ្គោះជីវិត។
ជាមួយគ្នានេះដែរ លោកស្រី រស់ យ៉ាណា ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នអប់រំ ឬស្ថាប័នឯកជនផ្សេងៗទៀត ឱ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីធានាដល់ស្តុកឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលត្រៀមទុកសម្រាប់ផ្ដល់ជូននិងជួយសង្រ្គោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឱ្យដឹងថា៖ ការបរិច្ចាគឈាមចូលរួមសំខាន់ណាស់ ដើម្បីជួយទៅដល់អ្នកជំងឺកម្រិតធ្ងន់ និងអ្នកជំងឺក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ ការបរិច្ចាគឈាម មិនត្រឹមអាចជួយដល់អ្នកដទៃប៉ុណ្ណោះទេ តែវាក៏អាចជួយដល់ខ្លួនឯងដូចគ្នា។ ជាក់ស្ដែង ការបរិច្ចាគឈាមអាចធ្វើឱ្យកំហាប់ឈាមរបស់អ្នកបរិច្ចាគមានស្ថានភាពល្អប្រសើរ និងអាចជួយសម្រួលដល់លំហូរឈាម។
កញ្ញាស្រីម៊ី ជាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមួយរូប បានបង្ហាញនូវអារម្មណ៍រីករាយដែលបានចូលរួមផ្ដល់ឈាមក្នុងយុទ្ធនាការបរិច្ចាគឈាម លើកទី៨ ក្រោមប្រធានបទ៖ «ជូនកាដូតាមរយៈការបរិច្ចាគឈាម គឺជូនកាដូជួយសង្រ្គោះជីវិតមនុស្ស»។ កញ្ញាថា៖ «យើងមិនអាចជួយអ្វីអ្្នកដទៃបានក៏ពិតមែន តែយើងអាចផ្ដល់ឈាមទៅដល់អ្នកដទៃនៅពេលដែលពួកគេត្រូវការបាន»។
លោក យួន សារ៉ាត់ ប្រធានកម្មវិធីស្ដីទី នៃមូលនិធិ ម៉េងលី ជេ. គួច បានបញ្ជាក់ថា៖ យុទ្ធនាការបរិច្ចាគឈាម លើកទី៨នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងជាពិសេសជាការបង្ហាញអំពីទឹកចិត្ត មនុស្សធម៌ និងភាពជ្រះថ្លា។
លើសពីនេះ លោក យួន សារ៉ាត់ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឱ្យចូលរួមក្នុងការបរិច្ចាគឈាម ព្រោះការបរិច្ចាគឈាមក៏ដូចជាកាដូដ៏មានតម្លៃមួយផងដែរ ដែលអាចជួយស្រោចស្រង់ និងសង្គ្រោះជីវិតមនុស្សបាន។ សូមជម្រាបថា ការផ្គត់ផ្គង់លើតម្រូវការឈាមនៅកម្ពុជាមានចំនួន១ភាគរយ នៃចំនួនប្រជាជនសរុប ខណៈតម្រូវការផ្ដល់ឈាមនៅទូទាំងប្រទេសប្រមាណ១៧ម៉ឺនប្លោកក្នុងមួយឆ្នាំ។ យ៉ាងណាមិញ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានការស្ម័គ្រចិត្តផ្ដល់ឈាមប្រមាណ ២០ភាគរយប៉ុណ្ណោះ ដូច្នេះទាមទារឱ្យមានការបរិច្ចាគឈាមបន្ថែមទៀត ទើបអាចបំពេញតម្រូវការឈាមទូទាំងប្រទេសបាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៕