អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទៈ “លំហាត់សម្រាកចិត្ត-កាយ "
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE#AmericanInterconSchool
តើអ្វីទៅជាលំហាត់សម្រាកចិត្ត-កាយ?
លំហាត់សម្រាកចិត្ត-កាយ គឺជាវិធីធ្វើឱ្យចិត្ត និងកាយបានធូរស្រាល ក្រោយពីបុគ្គលទទួលនូវភាពតានតឹងផ្លូវចិត្តពីសំពាធការងារ ពីមុខជំនួញ ឬពីស្ថានភាពតានតឹងនានាក្នុងជីវិតរស់នៅ។ វីធីនេះអាចជួយកាត់បន្ថយអាការៈនៃភាពតានតឹងផ្លូវចិត្ត និងផ្លូវកាយ (តឹងសាច់ដុំក្នុងរាងកាយ) ធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលទាំងផ្លូវចិត្ត និងផ្លូវកាយឡើងវិញ ដើម្បីគិតគូរប្រកបកិច្ចការងារឱ្យបានល្អប្រសើរ។ សម្រាប់ការធើ្វលំហាត់នីមួយៗយើងត្រូវមានសម្លៀកបំពាក់ធូរលុង ទីកនែ្លងស្ងប់ស្ងាត់គ្មានការរំខាន។ ធើ្វលំហាត់២ដងក្នុងមួយថៃ្ង ព្រឹក និងល្ងាច (មុនពេលបរិភោគអាហារ) យើងអាចធើ្វលំហាត់ខាងលើក្នុងពេលបន្តបន្ទាប់គ្នាបើអាចធើ្វបាន ឬជ្រើសរើសយកលំហាត់ណាមួយដែលគិតថាងាយស្រួលសម្រាប់ខ្លួនអ្នក។ ខាងក្រោមនេះ គឺជាលំហាត់សម្រាកចិត្តកាយចំនួន៤ ដែលអ្នកគួរតែសាកល្បងអនុវត្ត៖
១. លំហាត់ដកដងើ្ហម :
ដើម្បីធ្វើលំហាត់ដកដង្ហើម យើងអាចជ្រើសរើសយកឥរិយាបថដែលមានលក្ខណៈងាយស្រួលសម្រាប់យើងដូចជា ឈរ អង្គុយលើកៅអី ឬដេកត្រង់ខ្លួនលើគ្រែក្នុងលក្ខណៈសម្រាកយ៉ាងស្ងៀមស្ងាត់ហើយដកដង្ហើមចេញចូលវែងៗ ច្រមុះ (ពេលចូលដឹងពេលចេញដឹង) រយៈពេល២ទៅ៣នាទី ឬអាចលើសពីនេះ។ ចំពោះការធ្វើលំហាត់នេះ យើងត្រូវរៀនធ្វើចលនាពោះរបស់យើង រួមជាមួយនឹងការដកដង្ហើម។ យើងនឹងសង្កេតឃើញថា ដើមទ្រូងនិងពោះរបស់យើង ក៏រីកឡើងនៅពេលដែលយើងដកដង្ហើមចូល។ យើងត្រូវរៀនដកដង្ហើមចូល និងចេញយឺតៗជាបន្តបន្ទាប់ឱ្យបានវែងៗ។ យើងអាចនឹងធ្វើលំហាត់នេះដោយងាយស្រួល ប្រសិនបើយើងប្រមូលអារម្មណ៍ឱ្យមូលទៅលើពោះ ដែលវានឹងរីកឡើងសន្សឹមៗនៅពេលយើងដកដង្ហើមចូលវែងៗ។ បន្ទាប់ពីនោះមក យើងដកដង្ហើមចេញដោយស្វ័យប្រវត្តិដើម្បីឱ្យសាច់ដុំទ្រូង និងពោះបានសម្រាក។ យើងគួរព្យាយាមធ្វើបែបនេះយឺតៗ និងជាបន្តបន្ទាប់ ដោយការដកដង្ហើមពុំឱ្យឮសូរសម្លេង។ ក្នុងការធ្វើលំហាត់ដកដង្ហើមនេះ យើងត្រូវព្យាយាមបំភ្លេចចោលរឿងរ៉ាវអវិជ្ជមានទាំងឡាយដែលបានកើតឡើងដោយខិតខំប្រមូលអារម្មណ៍របស់យើងសមាធិតែលើការដកដង្ហើមចេញ និងចូល។
២. លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ :
ពេលយើងមានការតានតឹងចិត្ត ពេលនោះសាច់ដុំទាំងឡាយ នឹងស្ថិតនៅក្នុងសភាពកន្ត្រាក់ និងតានតឹង ។ ព្រមជាមួយគ្នានេះដែរ អាការៈមួយចំនួនក៏បានលេចចេញលើរាងកាយរបស់យើងដូចជា ឈឺក្បាល ឈឺខ្នង រោយក ឈឺសន្លាក់ដៃជើង ខ្សោយកម្លាំង និងនឿយហត់។ ក្រៅពីនេះអាការៈដែលកើតឡើងលើផ្លូវចិត្តមានដូចជា ការភ័យខ្លាច អារម្មណ៍មួម៉ៅ ឬងាយភ្ញាក់ផ្អើលក្នុងចិត្តជាដើម។ អាការៈផ្នែកផ្លូវចិត្តនេះ បានជម្រុញឱ្យមានការកន្ត្រាក់សាច់ដុំជាប្រចាំ ជាហេតុនាំឱ្យមានរោគសញ្ញាលើរាងកាយដូចខាងលើ។ ដើម្បីធ្វើលំហាត់សាច់ដុំជាដំណាក់ៗ យើងត្រូវផ្ទង់អារម្មណ៍លើផ្នែកនីមួយៗនៃរាងកាយក្នុងស្ថានភាពដេកសណ្តូកជើងឱ្យបានស្រួល ផ្ចង់អារម្មណ៍លើផែ្នកនីមួយៗនៃរាងកាយ ដោយចាប់ផើ្តមពីម្រាមជើងជាដំណាក់ៗ រហូតដល់ក្បាល គឺចាប់ផ្តើមពីម្រាមជើង ប្រអប់ជើង (ទាំងសងខាង) កជើង កំភួនជើង ក្បាលជង្គង់ សាច់ដុំភៅ្ល ត្រចៀក ចង្កេះ សាច់ដុំគូទ ខ្នងក្បាលពោះ ដើមទ្រូង ម្រាមដៃ (ទាំងសងខាង) កំភួនដៃ កែងដៃ ដើមដៃ ស្មា ក កញ្ចឹងក សាច់ដុំ ក្បាលសាច់ដុំមុខ និងច្រមុះ។ ពេលគិតត្រង់កនែ្លងណាមួយ ត្រូវទុកឱ្យសាច់ដុំកនែ្លងនោះឱ្យស្ថិតនៅក្នុងលក្ខណៈសម្រាក។ ឧទាហរណ៍ : គិតដល់ម្រាមជើង បន្ទាប់មកពោលពាក្យក្នុងចិត្តថា (ម្រាមជើងខ្ញុំបានសម្រាកដោយសុខសាន្តហើយ) ឬលោកអ្នកអាចគិតដល់អី្វដែលលោកអ្នកពេញចិត្តហើយចាប់ផើ្តមនិយាយពាក្យក្នុងចិត្តរបស់លោកអ្នកចេញមក។
៣. លំហាត់ពោលពាក្យផ្ទួនៗ :
ជ្រើសរើសយកពាក្យដែលអ្នកចូលចិត្តបំផុត អាចជាមនុស្សដែលជាទីស្រឡាញ់របស់អ្នក ដូចជា ប្រពន្ធ ប្តី គូសង្សារ ឪពុក ម្តាយ.................។ ឧទាហរណ៍ ថៃ្ងនេះខ្ញុំនឹកអ្នកខ្លាំងណាស់ ខ្ញុំចង់ជួបអ្នក ផ្ចង់អារម្មណ៍លើខ្យល់ដងើ្ហមចេញ និងចូលរបស់អ្នក ហើយពោលពាក្យដែលអ្នកបានជ្រើសរើសយកនោះមកនិយាយប្រមាណ១០នាទី។
Sam Sakda, [8/12/2024 9:51 AM]
៤. លំហាត់តាំងសមាធិ :
សមាធិ គឺជាការហ្វឹកហាត់ចិត្ត ប្រមូលផ្ដុំអារម្មណ៍ឱ្យមូលតាមរយៈការគ្រប់គ្រងអារម្មណ៍ប្រកបដោយភាពស្ងប់ស្ងាត់ និងវិន័យខ្ពស់បំផុង។ សមាធិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការតានតឹងចិត្តដែលមានចំណាស់ជាយូរយាណាស់មកហើយក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀតនៃទ្វីបអាស៊ី។ នៅក្នុងការអនុវត្តលំហាត់សមាធិបែបបុរាណ យើងអាចប្រើប្រាស់ឥរិយាបថអង្គុយពែនភ្នែនឱ្យត្រង់ខ្លួន ដោយដាក់ជើងស្ដាំត្រួតលើជើងឆ្វេង ដោយបាតដៃស្ដាំត្រួតលើបាតដៃឆ្វេង ហើយមេដៃទាំងពីរដាក់ទល់គ្នា (ស្ទើរប៉ះ ស្ទើរមិនប៉ះ) ។ ចំពោះការអង្គុយបែបនេះ ត្រូវមានឥរិយាបថដែលសម្រាកយ៉ាងស្រួលបំផុតដោយមិនមានការខំប្រឹងឡើយ។ ចំពោះអ្នកដែលពុំស្ទាត់ជំនាញក្នុងការអង្គុយបែបនេះអាចអង្គុយសំយុងជើងលើកៅអី ដោយដាក់ដៃ ទាំងពីរលើភ្លៅដូចអធិប្បាយខាងដើម ឬប្រើប្រាស់ឥរិយាបថផ្សេងៗទៀតដែលយើងយល់ថា ធ្វើឱ្យរាងកាយរបស់យើងឋិតក្នុងស្ថានភាពសម្រួលឥរិយាបថណាមួយឱ្យបានសម្រាកយ៉ាងស្រួលបំផុតហើយពុំតឹងតែងចំពោះខ្លួនយើង។ បន្ទាប់ពីអង្គុយសម្រួលឥរិយាបថបានស្រួលហើយយើងអាចបិទភ្នែកប្រមូលផ្ដុំអារម្មណ៍សមាធិទៅលើខ្យល់ដកដង្ហើមចេញ និងចូល តាមដំណើរខ្យល់ដង្ហើមជាធម្មតា ក្នុងនោះត្រូវតាំងអារម្មណ៍ឱ្យដឹងថា ខ្លួនយើងដកដង្ហើមចូល ( ដឹង ) និងដកដង្ហើមចេញ ( ដឹង ) ដោយរក្សាអារម្មណ៍កុំឱ្យឃ្លាតឆ្ងាយពីការដកដង្ហើមចេញចូលនោះ ឬក៏អនុវត្តដូចគ្នានេះដែរ ក៏ប៉ុន្តែបើកភ្នែកព្រឹមៗសម្លឹងចុះស្របតាមចុងច្រមុះគួបផ្សំនឹងការដកដង្ហើម។ បច្ចុប្បន្ននេះ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានអភិវឌ្ឍរបៀបសមាធិ ដោយផ្ចង់អារម្មណ៍លើខ្យល់ដកដង្ហើមចេញ-ចូល មួយបែបទៀតដែលមាន៣ដំណាក់កាលគឺ៖
១. ដកដង្ហើមចូល
២. ទប់ដង្ហើម ( រក្សាខ្យល់ដកដង្ហើមក្នុងសួតប្រហែល៣វិនាទី )
៣- ដកដង្ហើមចេញ ។
អត្ថបទដកស្រង់ និងកែសម្រួលពីសៀវភៅ៖ “យុវជន និងការថែទាំសុខភាពផ្លូវចិត្ត” បោះពុម្ពឆ្នាំ២០០៤