ទិវាវប្បធម៌ នៃក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិន

អត្ថបទព័ត៌មានស្តីពីវប្បធម៌ ប្រពៃណី និងការអប់រំ
ក្រោមប្រធានបទ៖ “ទិវាវប្បធម៌ នៃក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិន”
អត្ថបទដកស្រង់ដោយ : ខាត់ សុធា
#MJQE#AmericanInterconSchool

ទិវាវប្បធម៌ត្រូវបានគេប្រទះឃើញមានការប្រារពពិធីនេះនៅដើមខែមេសារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរចូលឆ្នាំថ្មី សិរីសួស្តី នៅតាមសាលារៀនរដ្ឋ សាលាឯកជន ក្រុមហ៊ុន និងស្ថាប័នរដ្ឋមួយចំនួន។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែប្រារពទិវាវប្បធម៌ដែលមានការចូលរូមពីសិស្សានុសិស្ស បុគ្គលិក អ្នកអាណាព្យាបាល និងមហាជនយ៉ាងច្រើនកុះករ។ ចំណែកឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង) នឹងប្រារពទិវាវប្បធម៌លើកទី១៦ របស់ក្រុមហ៊ុន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ចំនួន១០ទីតាំង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងនោះ ៨ទីតាំងនៅរាជធានីភ្នំពេញ ១សាខា នៅសៀមរាប និង១សាខាទៀតនៅតាកែវ។

កម្មវិធីទិវាវប្បធម៌នេះរៀបចំឡើង មានគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានស្វែងយល់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរ ព្រមទាំងបណ្តុះសិស្សានុសិស្សចេះពីរបៀបលេងល្បែងប្រជាប្រិយដើម្បីបង្កើនភាពសប្បាយរីករាយ និងរឹតចំណងអនុស្សាវរីយ៍ ភាពស្និទ្ធស្នាល សាមគ្គីភាព រួមទាំងបង្កើនចំណងមិត្ដភាពរវាងមិត្ដរួមថ្នាក់ និងមិត្ដរួមសាលាទាំងអស់ដែលចូលរួមក្នុងពិធីដ៏អធិកអធមនេះ។ ទន្ទឹមនឹងនេះ សាលាក៏មានបំណងបណ្ដុះនូវសេចក្ដីក្លាហានដល់សិស្សានុសិស្ស ព្រមទាំងជំរុញឱ្យកុលបុត្រកុលធីតាខ្មែរ ចូលរួមអភិរក្សនូវកេរដំណែលមរតកវប្បធម៌របស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណកាលរៀងមក។ លើសលើសពីនេះទៅទៀត គឺចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍នៅក្នុងទិវាដ៏មហោឡារិកនេះ។ នៅក្នុងកម្មវិធីក៏មានរៀបចំបង្កើតលែ្បងប្រជាប្រិយខ្មែរជាច្រើនដូចជា បោះអង្គញ់ លោតបាវ ដណ្តើមស្លឹកឈើ ចោលឈូង លាក់កន្សែង វាយក្អម ខាំប៉ិកួៈ និងទាញព្រ័ត្រជាដើម។