វិធីសាស្រ្ត៤យ៉ាងជួយព្យាបាលស្នាមជ្រីវជ្រួញ និងថែសម្រស់ឱ្យក្មេងជាងវ័យ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្ត៤យ៉ាងជួយព្យាបាលស្នាមជ្រីវជ្រួញ និងថែសម្រស់ឱ្យក្មេងជាងវ័យ”
អត្ថបទដកស្រង់ដោយ : ទី មុនីរក្ស
#MJQE #AmericanInterconSchool

មនុស្សយើងមានអារម្មណ៍ភ័យខ្លាចជាងគេនោះ គឺភាពចាស់លើស្បែកមុនអាយុ ឬចាស់មុនវ័យ ជាងការកើតមុនលើផ្ទៃមុខ ឬស្នាមជ្រីវជ្រួញជាដើម។ អ្នកមានបញ្ហាបែបនេះ មកពីស្បែកគាត់គ្មានសារធាតុចិញ្ចឹម ឬប្រតិកម្មនឹងកម្តៅថ្ងៃ និងម្សៅគ្មានគុណភាពជាដើម។ ខាងក្រោមនេះគឺជាវិធីសាស្រ្ត៤យ៉ាងជួយលោកអ្នកកម្ចាត់ស្នាមជ្រួញ និងស្បែកមានសុខភាពល្អ :

១. ការធ្វើលំហាត់ប្រាណ : បើរាងកាយគ្មានលំហាត់ប្រាណ អ្នកងាយក្លាយជាមនុស្សធាត់ និងចាស់ជាងវ័យលឿន។ ការធ្វើលំហាត់ប្រាណមានគុណសម្បត្តិជួយកម្ចាត់ជាតិពុល បង្កើតសាច់ដុំកុំឱ្យស្បែកធ្លាក់យារ ហើយជួយព្យាបាលការកើតមុនលើផ្ទៃមុខ។ ពេលអ្នកបញ្ចេញសកម្មភាពជាលំហាត់ប្រាណជួយបង្កើនចរន្តឈាមធ្វើឱ្យស្បែកមានសុខភាពល្អ គ្មានស្នាមជ្រួញថែមទៀត។ ចរន្តឈាមដើរបានល្អ ជួយនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់ស្បែកដើម្បីផលិតខូឡាជែន ព្រមទាំងពន្យារភាពចាស់របស់ស្បែក។ ពេលអ្នកហាត់ប្រាណបែកញើស អ្នកត្រូវការក្រណាត់ស្អាតសម្រាប់ជូតខ្លួន ឬផ្ទៃមុខ កុំឱ្យស្បែកឆ្លងមេរោគ។

២. ចៀសវាងពីសារធាតុស្រាធ្វើឱ្យស្បែកចាស់ : មនុស្សដែលនិយមញុំាស្រា ភាគច្រើនគឺមានស្បែកមិនស្រស់ថ្លា ឬឆាប់ចាស់មានស្នាមជ្រួញច្រើននោះទេ។ ព្រោះស្រាមានសារធាតុក្ដៅ មានជាតិពុលដែលធ្វើឱ្យស្បែកងាយឡើងស្ងួតបាត់បង់ជាតិទឹក គ្មានសំណើម ប្រសិនបើលោកអ្នកផឹកវាច្រើននឹងធ្វើឱ្យស្បែកងាយនឹងមានបញ្ហាដូចជា រោល ស្ងួត និងបង្កភាពជ្រីវជ្រួញលឿនបំផុត។ ការចៀសវាងគ្រឿងស្រវឹងជារឿងល្អបំផុតសម្រាប់សុខភាពស្បែករបស់អ្នកផង។

៣. ផ្លែឈើ និងបន្លែដែលសម្បូរវីតាមីនC : អាហារដែលសម្បូរវីតាមីនC មានដូចជា ប៉េងប៉ោះ ចេក ក្រូច ក្រូចឆ្មារ ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេស ជាពពួកអាហារទាំងនេះសុទ្ធតែជាប្រភពវីតាមីនសេ។ អ្នកជំនាញនិយាយថា វីតាមីនសេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតកូឡាជែន ជួយឱ្យស្បែកភ្លឺរលោង ស្រស់ថ្លាពីខាងក្នុង។ ការញុំាផ្លែឈើបានច្រើននឹងជួយឱ្យលោកអ្នកទទួលបានវីតាមីនច្រើនបំផុត។

៤. ផ្លែចេក : ការពិតផ្លែចេក មានសារធាតុចិញ្ចឹមស្បែក និងព្យាបាលស្បែកស្នាមជ្រួញ ព្រោះនៅក្នុងផ្លែចេកនេះ មានផ្ទុកនូវវីតាមីន មានសារធាតុរ៉ែ និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងស្នាមជ្រីវជ្រួញលើផ្ទៃមុខផងដែរ។ អ្នកអាចបិតសាច់ចេកជាបន្ទះៗលើផ្ទៃមុខ អាចរយៈពេលមួយម៉ោង រួចចាំលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។