ហេតុអ្វីបានចាំបាច់ត្រូវរៀនភាសាអង់គ្លេស?

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “ហេតុអ្វីបានចាំបាច់ត្រូវរៀនភាសាអង់គ្លេស?”
អត្ថបទដកស្រង់ដោយ :  លឿង វិបុល
#MJQE#AmericanInterconSchool

វាលែងជាប្រធានបទថ្មីទៀតហើយ បើនិយាយដល់ការរៀនភាសាអង់គ្លេសនាពេលសព្វថ្ងៃ ប៉ុន្តែចុះបើអ្នកមិនចេះភាសាអង់គ្លេសនាពេលសព្វថ្ងៃវិញ តើអ្នកត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ស្របពេលដែលប្រទេសជាតិកំពុងអភិវឌ្ឍន៍ ត្រូវការធនធានមនុស្ស និងពិភពលោកកំពុងដើរលឿនទៅមុខឥតឈប់ឈរ? ខាងក្រោមនេះ ជាហេតុផល៣យ៉ាងសំខាន់ៗដែលភាសាអង់គ្លេសជាភាសាចាំបាច់ដែលគួរតែរៀន និងចេះប្រើប្រាស់៖

១. ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ :
ភាសាអង់គ្លេសគឺចាំបាច់ប្រើប្រាស់ជាយានដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជាការសិក្សារៀនសូត្រផ្ទាល់ខ្លួនបន្ថែម។ រាល់ទិន្ន័យ ឬព័ត៌មាននៅលើអ៊ីនធើណេត  បណ្តាញសង្គម ឬក្នុងកុំព្យូទ័រសុទ្ធសឹងតែសរសេរជាភាសាអង់គ្លេស បើទោះបីជាភាសាអង់គ្លេសអាចបកប្រែមកជាភាសាជាតិក៏ដោយ ទៀតសោតព័ត៌មាន និងអត្ថន័យទាំងនោះមិនសុក្រឹតត្រឹមត្រូវតាមប្រភពដើមទាំងស្រុងដែរ។

២. ការទំនាក់ទំនង និងឱកាសការងារ :
ដោយសារការតម្រូវការធនធានមនុស្ស និងទីផ្សារការងារ ភាសាអង់គ្លេសនៅតែជាភាសាឈានមុខ និងជាភាសាសកល សម្រាប់ការស្វែងរកការងារធ្វើ ការទំនាក់ទំនង និងការបង្កើនឱកាសឡើងមុខតំណែង ។ នាពេលបច្ចុប្បន្ន អ្នកដែលចេះភាសាអង់គ្លេសបានស្ទាត់ជំនាញ អាចរកការងារធ្វើបានឆាប់រហ័ស  ទទួលបានប្រាក់ចំណូលខ្ពស់ និងឱកាសការងារនៅក្រុមហ៊ុន អង្គការ ឬស្ថាប័នធំៗនានា។

៣. ការធ្វើមុខជំនួញ :
មុខជំនួញនាពេលបច្ចុប្បន្នភាគច្រើនបានផ្សារភ្ជាប់ខ្លួនជាមួយនឹងពិភពឌីជីថល (Digital World) មានន័យថាការធ្វើទីផ្សារអនឡាញសម្រាប់ការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគេឱ្យបានកាន់តែទូលំទូលាយ។ ដូច្នេះការប្រើប្រាស់ភាសានៅតែជាបញ្ហាចាំបាច់ដូចជា ការសិក្សាស្វែងយល់ការប្រើប្រាស់ Online App ការសរសេរ Caption ការទំនាក់ទំនងជាមួយភ្ញៀវជាតិនិងអន្តរជាតិ ការកុម្មង់ឥវ៉ាន់ពីក្រៅប្រទេសជាដើម។ល។

សរុបមកការយល់ដឹង និងចេះប្រើប្រាស់ភាសាអង់គ្លេសអាចធ្វើឱ្យអ្នកធ្វើការទំនាក់ទំនង ទទួលបានឱកាសការងារ បន្តការសិក្សា និងសិក្សាស្រាវជ្រាវបន្ថែមឱ្យបានកាន់តែទូលំទូលាយ។