សារធាតុរ៉ែដែកមានសារៈសំខាន់យ៉ាងណាសម្រាប់សរីរាង្គកាយ?

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ៖ “សារធាតុរ៉ែដែកមានសារៈសំខាន់យ៉ាងណាសម្រាប់សរីរាង្គកាយ?”
អត្ថបទដកស្រង់ដោយៈ ជ្រឺ ផល្លា
#MJQE#AmericanInterconSchool

ដែកជាសារធាតុរ៉ែដ៏ចាំបាច់ដែលមានតួនាទីដំបូងគេគឺផលិតគ្រាប់ឈាមក្រហម Globule rouge សម្រាប់ពាំនាំអុកស៊ីសែនទៅចិញ្ចឹមកោសិកានានារបស់សរីរាង្គកាយ។ ហេតុដូច្នេះហើយបានជាផលវិបាកទីមួយនៃការខ្វះជាតិដែក នឹងធ្វើឱ្យមានកង្វះគ្រាប់ឈាមក្រហម ឬហៅថាជំងឺស្លេកស្លាំង ខ្វះឈាមក្រហម។ ដូច្នេះខ្វះជាតិដែកអាចជាដើមហេតុមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ តួនាទីធំចម្បងជាអ្នក ផលិតគ្រាប់ឈាមក្រហមមែនហើយ តែសារធាតុរ៉ែដែកក៏ជាអ្នកចូលរួមចំណែកទ្រទ្រង់ការលូតលាស់របស់សរីរាង្គផ្សេងៗទៀតដូចជា សាច់ដុំ ខួរក្បាល ឬបេះដូង។

ដើម្បីអាចបំពេញនូវការបាត់បង់គ្រាប់ឈាមក្រហម Globule Rouge ស្ត្រីត្រូវបង្កើនកម្រិតជាតិដែកឱ្យខ្ពស់រយៈពេលមានផ្ទៃពោះ ក៏ជាពេលវេលាដែលស្ត្រីកាន់តែត្រូវការរ៉ែដែកច្រើន លើសធម្មតាដែរ ដោយសរីរាង្គកាយត្រូវការផលិតគ្រាប់ឈាមក្រហមសម្រាប់យកទៅចិញ្ចឹមម្តាយអ្នកពរពោះ ក៏ដូចជាទារកក្នុងផ្ទៃ។ ជាតិដែកសំខាន់ខ្លាំងសម្រាប់ដំណើរការរបស់សរីរាង្គ តែត្រូវឱ្យមានរង្វាស់ដូសយ៉ាងត្រឹមត្រូវ មិនច្រើនពេក និងមិនតិចពេក។ ការវិភាគឈាម ជាមធ្យោបាយដ៏សាមញ្ញដើម្បីវាស់បរិមាណជាតិដែក ដែលមាននៅក្នុងចរន្តឈាម (ជាប្រូតេអ៊ីនដឹកជញ្ជូនជាតិដែកទៅឱ្យសរីរាង្គ ឬហៅជាភាសាបច្ចេកទេសថា Transferrine) និងជាតិដែកជាសារធាតុបម្រុង (Ferratine)។

ការខ្វះជាតិដែកផ្តល់ផលវិបាក និងរោគសញ្ញាដូចម្តេចខ្លះ?
កង្វះជាតិដែកជាកង្វះអាហារូបត្ថម្ភដែលគេជួបប្រទះជាញឹកញាប់ជាងគេ។ ប៉ុន្តែកង្វះសារធាតុមួយមុខនេះ ច្រើនតែកើតឡើងដោយស្ងាត់ៗ ពុំមានរោគសញ្ញាអ្វីជាជាក់លាក់ទេ។ ផលវិបាកដ៏ចម្បងមួយទៀតនៃការខ្វះជាតិដែកនោះ គឺការធ្លាក់ចុះនៃបរិមាណគ្រាប់ឈាមក្រហម ពោលគឺការលេចឡើងនូវជំងឺខ្វះគ្រាប់ឈាមក្រហម គឺនៅពេលចាប់មានជំងឺខ្វះគ្រាប់ឈាមក្រហម ទើបរោគសញ្ញានឹងស្តែងចេញឡើង ដូចជាស្លេកស្លាំង អស់កម្លាំងខ្លាំង ឆាប់ហត់។
ការបំពេញកង្វះជាតិដែកឱ្យសរីរាង្គកាយ អាចប្រើពេលដល់ទៅរាប់ខែ។ យ៉ាងហោចណាស់ក៏បីបួនខែដែរក្រោយពីការចាប់ផ្តើមលេបថ្នាំព្យាបាលជំងឺខ្វះជាតិដែក។ អាហារសម្បូរជាតិដែកជាងគេ និងដែល សរីរាង្គក្រពះពោះវៀន ងាយស្រូបយកបំផុត គឺសាច់សត្វ សាច់ក្រហម សាច់គោ សាច់ចៀម សាច់ជ្រូក និងត្រី។ បន្លែបៃតង បន្លែគ្រប់មុខ ក៏មានផ្ទុកជាតិដែកច្រើនដែរ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.rfi.fr/km/