អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ
ក្រោមប្រធានបទ “តើអ្នកដឹងទេថា ការលេងហ្គេមផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
ពិតណាស់រាល់ថ្ងៃមានមនុស្សជាច្រើនបានចំណាយពេលមួយចំនួនទៅលើការលេងហ្គេម រីឯអ្នកខ្លះទៀតគឺចំណាយពេលសឹងតែមួយថ្ងៃពេញតែម្ដងចំពោះវា។ វាមិនខុសគ្នាទេ មនុស្សមួយចំនួនលេងហ្គេមដើម្បីបំបាត់ភាពអផ្សុក ឬមួយក៏បំបាត់ការធុញថប់ រីឯមួយចំនួនទៀតលេងហ្គេមដើម្បីរកប្រាក់ចំណូលត្រលប់មកវិញ ហើយចំពោះករណីពិសេសមួយទៀត គឺបុគ្គលមួយចំនួនលេងហ្គេមដោយសារទប់អារម្មណ៍មិនបាន និយាយឱ្យចំទៅគឺពួកគាត់ជក់នឹងការលេងហ្គេមតែម្ដង។ ជាក់ស្ដែង មិនថាអ្នកលេងក្នុងលក្ខណៈបែបណានោះទេ គឺតែងតែផ្ដល់លទ្ធផលមកវិញជានិច្ច តែទាស់ត្រង់ថាលទ្ធផលនោះវាអាចល្អ និងមិនល្អដូច្នេះដែរ។ ខាងក្រោមនេះជាគុណសម្បត្តិ និងគុណវិបត្តិនៃការលេងហ្គេម៖
១. អត្ថប្រយោជន៍ ឬគុណសម្បត្តិ :
ពិតណាស់ បើអ្នកលេងក្នុងពេលត្រឹមត្រូវ និងបែកចែកបានច្បាស់លាស់នោះ វានឹងផ្ដល់ផលប្រយោជន៍ដូចខាងក្រោម៖
• វាអាចជួយបំបាត់អារម្មណ៍តានតឹង (stress) អផ្សុក ឬធុញថប់ ដែលកើតឡើងដោយកត្តាអ្វីមួយ។
• មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយអ្នកលេងមានភាពរហ័សក្នុងការគិត ក៏ដូចជាការសម្រេចចិត្តផ្សេងៗ។
• បង្កើតភាពសប្បាយ និងមានគំនិតច្នៃប្រតិដ្ឋបន្ថែមទៀត។
• ហ្គេម Online មួយចំនួនអាចធ្វើអ្នកមិនដែលស្គាល់គ្នា ប្រែទៅជាស្និទ្ធស្នាលជាមួយគ្នា មានន័យថាពេលខ្លះហ្គេមអាចបង្កើតជាមិត្តភាពដូច្នេះដែរ។
• បុគ្គលមួយចំនួនតូចអាចកែប្រែពីការលេងធម្មតាទៅជាការរកប្រាក់ចំណូលថែមទៀត ផង។
• ការលេងហ្គេម ក៏អាចបង្ហាញចំណង់ចំណូលចិត្តរបស់អ្នកតាមរយៈប្រភេទហ្គេមដែលអ្នកចូលចិត្តលេងផងដែរ។
២. ផលប៉ះពាល់ ឬគុណវិបត្តិនៃការលេងហ្គេម :
មិនខុសទេចំណុចនេះវាអាចមានច្រើនជាងចំណុចខាងលើ ដែលមានដូចខាងក្រោមនេះ៖
• ដំបូង គឺការលេងហ្គេមអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក ដោយសារពន្លឺដែលជះមកចំភ្នែកច្រើនម៉ោងជារៀងរាល់ថ្ងៃ។
• រឹតតែធ្ងន់ទៅទៀត ចំពោះកុមារដែលអាចធ្លាក់ចុះទាំងការសិក្សា ព្រមទាំងសុខភាពទៀតផង។
• វាក៏អាចប៉ះពាល់ខ្លាំងដល់ការសិក្សារបស់សិស្សានុសិស្សមួយចំនួន ព្រោះពួកគាត់មិនបានបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។
• អ្នកលេងមួយចំនួនត្រូវចំណាយពេលច្រើនទៅលើវា ដោយគ្មានបានផលប្រយោជន៍ត្រលប់មកវិញ និយាយចំគឺខាតពេលវេលា។
• មួយវិញទៀត អ្នកលេងមួយចំនួនដែលជក់នឹងហ្គេមហាក់ដូចជា គ្មានពេលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃជុំវិញខ្លួន ដោយហេតុថារៀងរាល់ពេលទំនេរ គាត់តែងតែទាញស្មាតហ្វូន ក៏ដូចម៉ាស៊ីនហ្គេមមកលេង។
• លើសពីនេះ វាអាចធ្វើឱ្យបុគ្គលមួយចំនួនភ្លេចនូវកាតព្វកិច្ចដែលត្រូវធ្វើ ហើយខ្លះទៀត មិនភ្លេចទេ តែមិនចង់ធ្វើតែម្ដង។
• ទន្ទឹមនឹងការសប្បាយជាមួយការលេងហ្គេម វាក៏អាចបង្កជាកំហឹងបានផងដែរ នៅពេលដែលអ្នកលេងចាញ់ ឬក៏ស្មាតហ្វូនរបស់អ្នកចាប់ផ្ដើមរអាក់រអួល អញ្ចឹងហើយមនុស្សមួយចំនួនប្រហែលជាបញ្ចេញកំហឹងនោះដាក់លើស្មាតហ្វូនរបស់ខ្លួន ដែលធ្វើឱ្យខូចខាតដូច្នេះដែរ។
• មិនខុសទេ ការលេងហ្គេមជាច្រើនម៉ោងក្នុងមួយថ្ងៃ វាអាចបណ្តាលឱ្យថាមពលថ្មស្មាតហ្វូន ថយចុះគុណភាពយ៉ាងឆាប់រហ័ស ជាពិសេសស្មាតហ្វូនរបស់អ្នកនឹងឆាប់ឡើងកម្ដៅជាងពេលធម្មតាទៀតផង។
សរុបមកវិញ ទាំងនេះជាផលប្រយោជន៍ក៏ដូចជាផលប៉ះពាល់នៃការលេងហ្គេម ជាពិសេសគឺនៅលើស្មាតហ្វូនតែម្ដង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://cambo-report.com/article/16912