ក្រុមប្រឹក្សាភិបាល
ជាកូនច្បងក្នុងចំណោមបងប្អូនប្រាំបីនាក់ លោក គួច ផល កើតនៅខែមេសា ឆ្នាំ១៩៦៤ ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ដូចជាប្រជាជនកម្ពុជាដទៃទៀតដែរ លោក គួច ផល បានឆ្លងកាត់កុមារភាព និងយុវភាពក្នុងរបប ប៉ុល ពត មុនពេលដែលលោក និងក្រុមគ្រួសារបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ១៩៨៤។
មុនពេលដែលលោកចាកចេញទៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ១៩៨៤ លោក គួច ផល ធ្លាប់ប្រកបរបរអាជីវកម្ម ក៏ដូចជាធ្វើការនិងការងារស័្មគ្រចិត្តជាច្រើន។ អំឡុងពេលសិក្សានៅវិទ្យាល័យក្នុងខេត្តបាត់ដំបង លោក គួច ផល បានបង្កើតអាជីវកម្មមួយគឺការនាំទំនិញចូលមកពីប្រទេសថៃមកលក់នៅស្រុកកំណើតនិងរាជធានីភ្នំពេញ។ ក្រោយមកទៀត នៅជំរំជនភៀសខ្លួន ខាវអ៊ីដាង លោកបានធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិ (International Rescue Center, IRC) ជាជំនួយការមន្ទីរពិសោធន៍ផ្នែកវិភាគទឹកនោម ប៉ារ៉ាស៊ីតវិទ្យា និងមីក្រូទស្សន៍ប្រហែលមួយឆ្នាំ និងជាអ្នកបកប្រែភាសារបស់ទីភ្នាក់ងារអ្នកស័្មគ្រចិត្ត (JVA) រយៈពេលប្រាំពីរខែ។ នៅជំរំជនភៀសខ្លួន សាអាន បាត៉ាអាន ប្រទេសហ្វីលីពីន លោកបានធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកបកប្រែតម្រង់ទិសវប្បធម៌សម្រាប់ជនភៀសខ្លួនថ្មី ជាតួនាទីមួយដែលគេគោរពរាប់អានបំផុតក្នុងជំរំជនភៀសខ្លួន។
ក្រោយពីបានមករស់នៅទឹកដីសហរដ្ឋអាមេរិក លោក គួច ផល បានចូលសិក្សានិងបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រ លេខាធិការពីមហាវិទ្យាល័យឯកជនមួយ។ ក្រោយមក លោកបានធ្វើការជាជំនួយការគ្រូបង្រៀននៅ Los Angeles Unified School District។ ក្នុងពេលដំណាលគ្នានេះផងដែរ លោក គួច ផល បានបន្តការសិក្សានៅមហាវិទ្យាល័យ Los Angeles Trade College និងបានបញ្ចប់បរិញ្ញាបត្ររងផ្នែកបច្ចេកវិទ្យាវិស្វកម្មអេឡិចត្រូនិចនៅក្នុងខែមិថុនា ឆ្នាំ១៩៨៧។ ក្រោយពីបញ្ចប់ការសិក្សា លោក បានធ្វើការជាអ្នកបច្ចេកទេសផ្នែកអេឡិចត្រូនិចក្នុងក្រុមហ៊ុន Q-tech Corporation។ ក្រោយមក នៅក្នុងខែមិថុនា ឆ្នាំ១៩៨៩ លោកក៏បានផ្លាស់ប្តូរទៅធ្វើការនៅក្រុមហ៊ុន Teledyne Control ជាអ្នកធ្វើតេស្តនិងជួសជុលទិន្នន័យហោះហើរនិងប្រអប់ខ្មៅទាំងអស់រយៈពេលប្រាំឆ្នាំ មុនពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ១៩៩៣៕