សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព

អត្ថបទព័ត៌មានស្តីអំពីសុខភាព
ក្រោមប្រធានបទ “សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព”
អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE#AmericanInterconSchool

ផ្នែកផ្សេងៗនៃរាងកាយ គឺសុទ្ធតែអាចបង្ហាញពីបញ្ហាសុខភាពមួយចំនួនដែលយើងគួរស្វែងយល់។ ទោះជាពេលខ្លះយើងមិនទាន់ដឹងពីការប្រែប្រួលភ្លាមៗដែលកើតលើរាងកាយ ដោយសារតែទម្លាប់រស់នៅមិនល្អយ៉ាងណាក្តី ប៉ុន្តែយើងអាចនឹងសង្កេតឃើញសញ្ញាព្រមានមួយចំនួននៅលើភ្នែក ក្រចក ឬស្បែកជាដើម។ ដូចគ្នានេះដែរ បបូរមាត់យើងក៏អាចបញ្ជាក់ពីបញ្ហាសុខភាពផងដែរ។ សញ្ញាព្រមានពាក់ព័ន្ធនឹងសុខភាពដែលបង្ហាញតាមរយៈពេលបបូរមាត់ ជាទូទៅបបូរមាត់ដែលមានសុខភាពល្អ ច្រើនតែមានសភាពទន់ មានសំណើម និងមានពណ៌ធម្មជាតិ ហើយមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ យ៉ាងណាមិញយើងក៏អាចសង្កេតមើលសញ្ញាព្រមានខ្លះៗដែលកើតលើបបូរមាត់ដូចខាងក្រោម៖

១. បបូរមាត់ស្លេក :
បបូរមាត់ស្លេក ឬពណ៌ស្វាយ អាចបង្ហាញពីភាពស្លេកស្លាំង ឈាមរត់ខ្សោយ បញ្ហាផ្លូវដង្ហើម ដោយសារតែកង្វះអុកស៊ីហ្សែននៅក្នុងឈាម។

២. បបូរមាត់ស្ងួត និងប្រេះ :
ក្រៅពីកត្តាអាកាសធាតុ បញ្ហាមាត់ស្ងួត អាចបណ្តាលមកពីកង្វះជាតិទឹក ឬវីតាមីនផ្សេងៗ។ ប្រសិនបើបបូរមាត់យើងប្រេះជាប់ជាប្រចាំ នោះអាចជាសញ្ញានៃកង្វះអាហារូបត្ថម្ភ ឬបញ្ហាស្បែក។

៣. ហើមមាត់ :
ទន្ទឹមនឹងនេះដែរ បញ្ហាហើមអាចបង្កឡើងដោយអាលែកហ្ស៊ី ការឆ្លងមេរោគ ឬរលាក ដែលចាំបាច់ត្រូវធ្វើការព្យាបាល។

៤. ឈឺបបូរមាត់ ឬមានដំបៅ :
ចំណែកឯបបូរមាត់ដែលមានដំបៅ ឬឈឺចាប់ អាចបញ្ជាក់ពីការឆ្លងមេរោគផ្សេងៗ ដូចជាជំងឺដំបៅក្នុងមាត់ជាដើម។

៥. ប្រេះនៅគែមមាត់ :
ការប្រេះនៅគែមមាត់ អាចជាសញ្ញានៃកង្វះវីតាមីន B ឬជាតិដែក ដែលអាចជាការបង្ករោគផ្សិតឈ្មោះថា Angular cheilitis។

៦. បបូរមាត់ប្តូរពណ៌ :
បបូរមាត់ខ្មៅ ឬប្តូរពណ៌ អាចជាសញ្ញានៃអតុល្យភាពអ័រម៉ូន កង្វះវីតាមីន ឬជាប្រតិកម្មទៅនឹងប្រភេទថ្នាំជាក់លាក់មួយចំនួន។

គន្លឹះថែទាំបបូរមាត់ឱ្យមានសុខភាពល្អ៖
•  ញ៉ាំទឹកឱ្យបានច្រើន
•  ប្រើក្រែមព្យាបាលបបូរមាត់ប្រភេទ lip balm
•  ចៀសវាងលិទ្ធបបូរមាត់ញឹកញាប់ ពីព្រោះទឹកមាត់អាចធ្វើឱ្យបបូរមាត់ស្ងួត
•  ញ៉ាំរបបអាហារល្អៗដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖​ https://hellokrupet.com/%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%91%E1%9E%BC%E1%9E%91%E1%9F%85/%E1%9E%85%E1%9F%86%E1%9E%8E%E1%9F%81%E1%9F%87%E1%9E%8A%E1%9E%B9%E1%9E%84%E1%9E%91%E1%9E%BC%E1%9E%91%E1%9F%85/181983/