អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រពៃណីការធ្វើពិធីចាប់ត្រីរួម”
អត្ថបទដកស្រង់ដោយ : ស្តើង សារ៉េត
#MJQE#AmericaninterconSchool
រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំក្រោយ ពេលប្រមូលផលស្រូវរួចរាល់ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានឡើយ ហើយពិធីជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់តាមទំនៀមទម្លាប់ពីបុរាណមក។
ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាសខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំពិធីបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណរួមមាន សំណាញ់ អង្រុត ឈ្នាង មង ជាដើម។ អ្នកភូមិរាប់រយនាក់បានចុះចាប់ត្រីក្នុងវាលភក់ នៃត្រពាំងបុរាណធំមួយនេះជារៀងរាល់ឆ្នាំក្នុងខែកុម្ភៈ បន្ទាប់ពីរដូវច្រូតកាត់ស្រូវ ដោយមានការពាក់មួកស្លឹកត្នោត និងក្រមាដើម្បីការពារខ្លួនពីពន្លឺព្រះអាទិត្យដ៏ក្ដៅ។ អ្នកភូមិបានបង់សំណាញ់ចាប់ត្រីមានត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្តែង និងត្រីជាច្រើនផ្សេងទៀតនៅក្នុងត្រពាំងបុរាណដែលត្រូវបានការពារក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ត្រីគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជក្នុងប្រទេសកម្ពុជា។ ដោយយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជាជនកម្ពុជាបរិភោគត្រីជាមធ្យម៥២,៤គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។
ទិដ្ឋភាពបែបនេះ ត្រូវបានគេចូលរួមក្នុងពិធីនេះជាង១០ឆ្នាំមកហើយនោះ បានសង្កេតឃើញថាពិធីនេះកាន់តែទទួលបានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែមានមនុស្សកាន់តែច្រើនបានចូលរួម។ ពិធីបុណ្យនេះមិនត្រឹមតែជួយរក្សាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានក្រើនរំលឹកប្រជាពលរដ្ឋកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផងដែរ។ ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវរួបរួមជួយគ្នាថែរក្សាប្រពៃណីជាតិយើងឱ្យសកម្មបន្តទៅមុខទៀតកុំឱ្យមានការបាត់បង់ និងព្យាយាមផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1352830#utm_campaign=onpage