កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សប្រចាំឆមាសទី២

​​​

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សែនសុខ

បានរៀបចំអញ្ជើញមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សចាប់ពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ទាំងអស់មកចូលរួមជួបពិភាក្សាគ្នាផ្ទាល់ក្នុងកម្មវិធីជំនួបជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សស្តីអំពីលទ្ធផលសិក្សា និងដំណើរការនៃការសិក្សាប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២៣-២០២៤ ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ លោក លោកស្រីមាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សនៅតាមអគារសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាក្នុងរាជធានីភ្នំពេញ សៀមរាប និងតាកែវ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។ កម្មវិធីជំនួបនេះ គឺជាការជួបពិភាក្សាដាច់ដោយឡែកៗពីគ្នាជាលក្ខណៈបុគ្គល ដោយតម្រូវឱ្យលោកឪពុក អ្នកម្តាយ ឬអ្នកអាណាព្យាបាលរបស់កូនៗ ក្មួយៗ ដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង អញ្ជើញមកចូលរួមជាមួយផ្ទាល់។ 

ជំនួបនេះត្រូវបានសាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំឡើងពីរដងក្នុងមួយឆ្នាំសិក្សាជារៀងរាល់ឆ្នាំ ដើម្បីជាឱកាសមួយដ៏ល្អបំផុត ដែលគណៈគ្រប់គ្រងសាលា អ្នកប្រឹក្សាយោបល់ លោកគ្រូ អ្នកគ្រូបង្រៀនតាមមុខវិជ្ជា និងកម្រិតថ្នាក់ ពិសេសលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់បានជួបពិភាក្សាផ្ទាល់ជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ក្នុងគោលបំណងដើម្បីជាការផ្តល់ព័ត៌មាន និងពិភាក្សាទាក់ទងទៅនឹងដំណើរការសិក្សា លទ្ធផលនៃការសិក្សា ចំណុចល្អ និងចំណុចត្រូវបំពេញបន្ថែម ការសហការ និងចូលរួមជាមួយសាលារៀន ការជម្នះភាពភ័យខ្លាច និងបង្កើនទំនុកចិត្តដល់សិស្សានុសិស្ស ទំនាក់ទំនងបច្ចេកវិទ្យាជាមួយកូនៗ ការពិភាក្សា និងដោះស្រាយបញ្ហាអាកប្បកិរិយារបស់កូនៗ និងការគ្រប់គ្រងលើកិច្ចការផ្ទះរបស់សិស្សានុសិស្សផងដែរ។ លើសពីនេះទៅទៀត សាលាចង់ឱ្យមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ទាំងសិស្សមានបញ្ហាផ្សេងៗ និងមិនមានបញ្ហាការសិក្សាទទួលបានដូចគ្នានូវព័ត៌មានលម្អិតអំពីបុត្រធីតារបស់គាត់ទាំងការសិក្សា វិន័យ និងអត្តចរិត ដើម្បីរួមគ្នាក្នុងការក្រើនរំឭកការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសគឺចំណងទំនាក់ទំនងរវាងគ្រួសារ និងកូនៗ ព្រមទាំងការតាមដាន ដើម្បីឱ្យសិស្សានុសិស្សក៏យល់ថាការសិក្សារបស់ប្អូនៗកាន់តែមានសារៈសំខាន់ ហើយបានបង្ហាញឱ្យពួកគាត់យល់កាន់តែច្បាស់ថាតួនាទីរបស់ខ្លួនពិតជាមានសារៈសំខាន់ខ្លាំងក្នុងការសហការរួមចំណែកជួយដល់កូនៗក្នុងការសិក្សា និងដើម្បីជំរុញធ្វើយ៉ាងណាឱ្យការសិក្សារបស់សិស្សានុសិស្សមានការអភិវឌ្ឍឈានឡើងកាន់តែប្រសើរថែមទៀត៕