នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី៣២ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី៩ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងពិធីនោះ មានការចូលរួមពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនរូប។
តាមការសង្កេតជាក់ស្តែង យើងមើលឃើញថា បរិយាកាសនៅក្នុងសាលកម្មវិធីទាំងមូល មានភាពអ៊ូអរ និងពោរពេញដោយភាពសប្បាយរីករាយ ដែលមានវត្តមានសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស អញ្ជើមកចូលរួម ក្នុងទឹកមុខញញឹមស្រស់ស្រាយ។ ការមានវត្តមានរបស់ពួកគាត់ គឺជាការលើកទឹកចិត្តជាខ្លាំង ទៅដល់បុត្រាបុត្រី ឱ្យមានការខិតខំប្រឹងប្រែងក្នុងការបំពេញការសិក្សារបស់ខ្លួនជាបន្តទៅទៀត រហូតដល់ចប់ថ្នាក់វិទ្យាល័យ ដើម្បីនឹងត្រៀមខ្លួនចូលទៅថ្នាក់ឧត្តមសិក្សា នាថ្ងៃអនាគត។
មួយវិញទៀត ស្នាមញញឹមប្រកបដោយក្តីរំភើបរីករាយរបស់មាតាបិតា និងអ្នកអាណាព្យាបាលទាំងឡាយនោះ ហាក់កំពុងតែប្រាប់យើងថា ពួកគាត់កំពុងមានក្តីសង្ឃឹមយ៉ាងខ្លាំង ទៅលើកូនៗរបស់ពួកគាត់។ ដូច្នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែព្យាយាមបង្កើនគុណភាពអប់រំសិក្សាជាលំដាប់ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានចំណេះដឹងពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងមានក្រមសីលធម៌ខ្ពស់ ក្នុងការសិក្សាររបស់សិស្សានុសិស្សទាំងឡាយ។
ថ្លែងក្នុងឱកាសដ៏មហោឡារិកនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា “យើងពិតមានមានអារម្មណ៍រំភើបរីករាយ ដែលបានឃើញប្អូនៗ និងអ្នកអាណាព្យាបាលសិស្ស មកចូលរួមយ៉ាងច្រើនកុះករនាថ្ងៃនេះ។ អ្នកឧកញ៉ាបានបន្តទៀតថា វ័យរបស់ប្អូនៗ គឺជាវ័យដែលកំពុងតែពេញសិក្សារៀនសូត្រ ដូច្នេះ ប្អូនៗ ត្រូវខិតខំរៀនសូត្រឲ្យបានច្រើន ហើយទៅថ្ងៃអនាគត ត្រូវធ្វើជាសសរទ្រូងរបស់មាតាបិតា និងប្រទេសជាតិប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ”។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនឈានមុខគេមួយ ដែលទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ អ្វីដែលកាន់តែពិសេស សាលារៀន អន្តរទ្វីប អាមេរិកាំង មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមាន មុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា ដូចជា ការ៉ាតេ បាល់បោះ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។
ចំណែកក្នុងអគារសិក្សា មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងបន្ទប់ពិសោធន៍ ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។ ចំពោះលោកគ្រូ អ្នកគ្រូ មានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀនផ្សារភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។
សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសាលារៀន ក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើស ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។
ចំពោះកម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី៣២ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី៩ ឆ្នាំសិក្សា២០២៣-២០២៤ នេះ គឺជាសក្ខីកម្មមួយថ្មីផ្សេងទៀត ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តោតលើការលើកកម្ពស់វិស័យអប់រំជាខ្លាំង ដែលនេះគឺជាសកម្មភាពចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។