អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ "វិធី៤យ៉ាង ដើម្បីជួយឱ្យកូនរបស់អ្នកមានភាពវិជ្ជមាន និងសុវត្ថិភាព
ពេលប្រើប្រាស់ប្រព័ន្ធអនឡាញ”
អត្ថបទដកស្រង់ដោយ : គុណ ភ័ត្រ្តា
#MJQE#AmericanInterconSchool
នៅពេលកូនរបស់អ្នកចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនលើប្រព័ន្ធអនឡាញ។ ការណ៍នេះអាចផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា ការបន្តទំនាក់ទំនងជាមួយមិត្តភក្ដិ និងគ្រួសារ ការធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែវាមិនតែងតែផ្ដល់ផលវិជ្ជមាន និងសុវត្ថិភាពចំពោះកុមារឡើយ។ នេះគឺជាវិធីដែលអ្នកអាចជួយកូនរបស់អ្នកក្នុងការពង្រីករឿងរាវល្អៗ ដែលប្រព័ន្ធអ៊ីនធឺណេត និងបច្ចេកវិទ្យាឌីជីថលផ្ដល់ឱ្យ ស្របពេលដែលការពារពួកគេពីគ្រោះថ្នាក់ដែលអាចកើតមានឡើង។ ខាងក្រោមនេះ គឺជាវិធី៤យ៉ាងដើម្បីជួយឱ្យកូនរបស់អ្នកមានភាពវិជ្ជមាន និងសុវត្ថិភាពពេលប្រើប្រាស់ប្រព័ន្ធអនឡាញ៖
១. ការកំណត់វិន័យឱ្យបានច្បាស់លាស់ :
ណែនាំកូនៗរបស់អ្នកអំពីបុគ្គលដែលពួកគេទាក់ទងជាមួយ និងរបៀបដែលពួកគេទាក់ទងគ្នា។ ប្រសិន បើកូនរបស់អ្នកជួបប្រទះនឹងអ្វីមួយតាមអនឡាញ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនសប្បាយចិត្ត សូមលើកទឹកចិត្តពួកគេឱ្យប្រាប់អ្នក ឬមនុស្សដែលពួកគេទុកចិត្តភ្លាម។ កុមាររមែងតែង “ស្គាល់” ជនល្មើសបៀតបៀន ឬរំលោភបំពានតាមអនឡាញ ហេតុនេះចាំបាច់ត្រូវជួយពួកគេឱ្យមានភាពប្រុងប្រយ័ត្ន និងដឹងអំពីរបៀបឆ្លើយតបចំពោះអាកប្បកិរិយាជាបញ្ហាណាមួយដែលពួកគេជួបប្រទះនៅតាមអនឡាញ។ មួយវិញទៀត ត្រូវកំណត់វិន័យថាតើត្រូវប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដោយរបៀបណា នៅពេលណា និងនៅកន្លែងណា។
២. ប្រើប្រាស់បច្ចេកវិទ្យាដើម្បីការពារពួកគេ :
ពិនិត្យមើលឧបករណ៍របស់កូនរបស់អ្នក ហើយកំណត់ឯកជនភាពរបស់ពួកគេ ដើម្បីកុំឱ្យជនទាំងឡាយមើលឃើញព័ត៌មានណាមួយដែលអ្នកមិនចង់ឱ្យជនទាំងនោះមើលឃើញ។ សម្រាប់កុមារតូចៗ ឧបករណ៍នានាដូចជា ការគ្រប់គ្រងរបស់ឪពុកម្ដាយ (Parent Control) រួមមានការស្វែងរកដោយសុវត្ថិភាព អាចជួយធ្វើឱ្យបទពិសោធតាមប្រព័ន្ធអនឡាញមានភាពវិជ្ជមាន។ សូមប្រុងប្រយ័ត្នចំពោះមាតិកាឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ រួមទាំងមាតិកាទាក់ទងនឹងការអប់រំ។
៣. ចំណាយពេលជាមួយពួកគេតាមអនឡាញ :
សូមបង្កើតឱកាសនានា ដើម្បីឱ្យកូនរបស់អ្នកមានសុវត្ថិភាព និងទំនាក់ទំនងបែបវិជ្ជមានតាមអនឡាញជាមួយមិត្តភក្ដិ គ្រួសារ និងអ្នក។ សូមជួយកូនរបស់អ្នកឱ្យស្គាល់ និងចៀសវាងព័ត៌មានមិនពិត និងក្លែងក្លាយ មាតិកាមិនសមរម្យទៅតាមអាយុ និងមាតិកាដែលអាចបង្កភាពថប់បារម្ភ ឬគ្រោះថ្នាក់ផ្សេងទៀត។ សូមណែនាំបង្ហាញពួកគេអំពីប្រភពព័ត៌មានដែលគួរឱ្យទុកចិត្ត។ សូមចំណាយពេលជាមួយកូនរបស់អ្នក ដើម្បីកំណត់កម្មវិធីហ្គេម និងកម្មវិធីកម្សាន្តអនឡាញផ្សេងទៀតដែលសមស្របទៅតាមអាយុ។ សូមប្រុងប្រយ័ត្នចំពោះកម្មវិធីនានាដែលអាចមានមាតិកាប្រកបដោយគ្រោះថ្នាក់ ឬបង្កហានិភ័យចំពោះឯក ជនភាព។
៤. ធ្វើជាគំរូ និងបង្ហាញទម្លាប់ល្អតាមអនឡាញ :
លើកកម្ពស់អាកប្បកិរិយាវិជ្ជមានតាមអនឡាញ តាមរយៈការអនុវត្តអាកប្បកិរិយាបែបនេះដោយខ្លួនអ្នកផ្ទាល់។ សូមយកចិត្តទុកដាក់ចំពោះទង្វើដែលអ្នកធ្វើ និងអ្វីដែលអ្នកចែករំលែកអំពីកូនរបស់អ្នកតាមអនឡាញ រួមទាំងរូបថត និងវីដេអូរបស់ពួកគេ។ ប្រសិនបើពួកគេរៀនតាមអនឡាញ សូមលើកទឹកចិត្តពួកគេឱ្យមានការគោរពចំពោះអ្នកដទៃ។ សូមប្រុងប្រយ័ត្ន ប្រសិនបើកូនរបស់អ្នកមានអារម្មណ៍ក្រៀមក្រំ ឬមានអាថ៌កំបាំងជាមួយនឹងសកម្មភាពអនឡាញ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://www.unicef.org/cambodia/km