អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សីលធម៌ និងការអប់រំក្នុងការរស់នៅ”
អត្ថបទដកស្រង់ដោយ : ពូន វាសនា
#MJQE#AmericanInterconSchool
សីលធម៌គឺជាការសម្គាល់នូវទ្រឹស្តីទាំងឡាយណាដែលនាំឱ្យមនុស្សប្រព្រឹត្តតែអំពើល្អ ឬដំបូន្មានទាំងឡាយណាដែលនាំឱ្យចៀសវាងអំពើអាក្រក់។ សីលធម៌ជាមនសិការចំពោះវប្បធម៌នៃសង្គមដែលជ្រាបចូលទៅក្នុងបុគ្គលម្នាក់ៗ។ ទស្សនវិទូជាច្រើនបានធ្វើអំណះអំណាងថា ជីវិតរស់នៅល្អជាជីវិត ដែលមានសីលធម៌។ មាគ៌ាដ៏ល្អបំផុតសម្រាប់ការរស់នៅគឺ ការចេះទាក់ទងគ្នារវាងអ្នកដទៃ និងខ្លួនឯងប្រកបដោយសីលធម៌។
ការអប់រំ ជាវិធីចាត់ចែងបណ្តុះបណ្តាល និងបង្រៀនបណ្តាអ្នករៀន។ ការអប់រំជាការអនុវត្តនៃគរុកោសល្យ អង្គមួយនៃការស្រាវជ្រាវទ្រឹស្តី និងជាក់ស្តែងទាក់ទងនឹងការបង្រៀន និងការរៀន។ វាប្រើប្រាស់លើមុខវិជ្ជាផ្សេងៗដូចជា ចិត្តវិទ្យា ទស្សនវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ភាសាវិទ្យា សង្គមវិទ្យា និងមនុស្សវិទ្យា។ ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារវាងអ្នកអប់រំ និងអ្នកដែលបានទទួលការអប់រំតាំងពីបឋមសិក្សា មធ្យមសិក្សា ដល់ឧត្តមសិក្សា។ ការអប់រំចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទាតាមរយៈរាល់សកម្មភាពដែលធ្វើឱ្យអ្នកសិក្សាទទួលបាននូវសំណុំចំណេះដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងទស្សនៈសិក្សាប្រកបដោយសេចក្តីថ្លៃថ្នូរ។
ចំពោះសីលធម៌ និងការអប់រំបង្ហាញជាច្រើនចំណុចដូចខាងក្រោម៖
១. ចំពោះភាពស្មោះត្រង់ : សិស្សអាចបណ្តុះភាពស្មោះត្រង់ដោយស្មោះត្រង់ចំពោះឪពុកម្តាយ គ្រូបង្រៀន និងអ្នកដទៃនៅជុំវិញពួកគេ។ មាតាបិតាប្រាប់កូនអំពីការពិតដែលថា វាជាការល្អបំផុតក្នុងការទទួលយកកំហុសដោយស្មោះត្រង់ជាជាងនិយាយកុហកដើម្បីបិទបាំង។បង្ហាញពួកគេពីរបៀបដែលពួកគេអាចចាប់ផ្តើមជាមួយនឹងជំហានតូចៗដូចជា មានភាពស្មោះត្រង់ជាមួយបងប្អូន ជាមួយគ្រូ និងមិត្តរួមថ្នាក់របស់ពួកគេ។
២. ចំពោះការដឹងគុណ : ការដែលមានសីលធម៌បង្ហាញពីការដឹងគុណគឺជាការបណ្តុះនូវទឹកចិត្តឱ្យយើងមានចិត្តគំនិតដឹងគុណចំពោះអ្នកដែលបានធ្វើល្អចំពោះយើង អ្នកដែលជួយយើង អ្នកដែលផ្តល់ប្រយោជន៍ដល់យើង អ្នកដែលខ្វល់ខ្វាយចំពោះយើង អ្នកដែលថែរក្សាបីបាច់យើងផ្តល់កំណើតឱ្យយើង បង្រៀន ឬផ្តល់ចំណេះដឹងដល់យើង។
៣. ចំពោះការយល់ចិត្ត : ការយល់ចិត្ត ត្រូវបានចាត់ទុកថាជាសមត្ថភាពដែលបុគ្គលយល់ពីបញ្ហា និងក្តីកង្វល់របស់អ្នកដទៃ។ ត្រូវប្រៀបប្រដូចក្នុងការដាក់អារម្មណ៍រឿងរ៉ាវអ្នកដទៃទៅនឹងខ្លួនឯងដើម្បីឱ្យគេយល់ចិត្តយើងលុះត្រាតែយើងយល់ចិត្តគេជាមុនសិន ហើយបើកចិត្តឱ្យទូលាយក្នុងការជួយរាល់ទុក្ខកង្វល់ និងបញ្ហារបស់ពួកគេ។
៤. ចំពោះការចែករំលែក : ការចែករំលែក គឺជាការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនចំពោះការចែករំលែកនូវអ្វីដែលយើងមាន ឬចេះ និងធ្លាប់ធ្វើទៅកាន់អ្នកដទៃដោយចេតនា និងអចេត នា។ ការចែករំលែកឱ្យនេះធ្វើឡើងដោយចិត្តចង់ជួយ ឬចង់ឱ្យអ្នកដទៃបានល្អប្រសើរ។ ការចែករំលែកគឺជាការផ្តល់ឱ្យនៅផ្នែកណាមួយបន្តិចបន្តួច ឬមួយផ្នែកទៅដល់អ្នកដ៏ទៃ អាចជាលុយរបស់របរប្រើប្រាស់ និងគំនិតយោបល់ ចំណេះដឹងផ្សេងៗ-ល-។
៥. ចំពោះក្តីមេត្តា : ការអាណិតអាសូរ និងក្តីមេត្តាគឺជាអារម្មណ៍នៃក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលអ្នកមានអារម្មណ៍ចំពោះអ្នកដទៃ។ វាជាផ្នែកមួយនៃការយកចិត្តទុកដាក់ដែលអ្នកមានអារម្មណ៍គិតដល់អ្នកដទៃ។ ការអភិវឌ្ឍនៃអារម្មណ៍វិជ្ជមាននេះនឹងជួយឱ្យអ្នកបង្កើតទំនាក់ទំនង វិជ្ជមានជាមួយគ្នា។
៦. ចំពោះការគោរព : យើងរៀនគោរពបុគ្គលគ្រប់រូបដោយមិនគិតពីអាយុ វណ្ណ: ជំនឿសាសនា ជាតិសាសន៍ និងភាពខុសគ្នានៃទស្សន:។ ទោះបីជាវិទ្យាសាស្រ្តបច្ចេកទេសមានការីកចម្រើនយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗមិនអាចរស់នៅដោយគ្មានសីលធម៌បានឡើយ។
៧. ចំពោះកិច្ចសហការ : គឺជាសកម្មភាពនៃការពង្រីកជំនួយដល់អ្នកដទៃដើម្បីសម្រេចបាននូវគោលដៅដែលមានឱ្យគ្នាទៅវិញទៅមក។ ការសហការគឺការបង្កើតបរិយាកាសដែលជួយសម្រួលដល់ភាពជោគជ័យក្នុងការងារ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86