អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា កំពុងដើរតួនាទីសំខាន់ក្នុងការបណ្ដុះចរិយាធម៌កុមារ និងយុវជននៅតាមសាលារៀន”
អត្ថបទដកស្រង់ដោយ : ជ្រឺ ផល្លា
#MJQE#AmericanInterconSchool
ចតុស្តម្ភនៃការអប់រំនៅកម្ពុជា បានរួមចំណែកបណ្តុះមនុស្សឱ្យរៀនរស់ដោយពហុចំណេះរួមមាន រៀនដើម្បីចេះដឹង, រៀនដើម្បីចេះធ្វើ, រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរួមរស់ជាមួយគ្នា។ ក្នុងនោះការរៀនដើម្បីមានសីលធម៌ល្អ គឺជាផ្នែកសំខាន់មួយនៅក្នុងចតុស្តម្ភនៃការអប់រំ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់។
ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ក្របដោយសីលធម៌ សមធម៌ និងបរិយាបន្ន គឺជាគោលដៅយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះរាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពីសីលធម៌ គុណធម៌ និងសុជីវធម៌ដល់សិស្ស និស្សិត និងយុវជន ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ រៀបចំផែនទីបង្ហាញផ្លូវដើម្បីបណ្តុះទម្លាប់មានសីលធម៌ គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់ និងវិន័យ និងបញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា និងផ្នែកសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និងអរូបី ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ព្រមទាំងផ្សព្វផ្សាយ។
ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនានៅតាមសាលារៀន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះចរិយាធម៌កុមារ និងយុវជន។ ការអប់រំសីលធម៌ដល់សិស្សានុសិស្ស ជារឿងសំខាន់ណាស់ដើម្បីឱ្យដឹងថា អ្វីខុស អ្វីត្រូវ អ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើ និងមិនគួរធ្វើ ព្រមទាំងតម្រង់ទិសកុំឱ្យភ្លើតភ្លើនក្នុងប្រការណាមួយ។ កាលណាយើងស់នៅក្នុងសង្គមខ្មែរ ត្រូវអប់រំសីលធម៌ សុជីវធម៌តាមបែបប្រពៃណីដូនតាផង ហើយក៏ត្រូវអប់រំសីលធម៌សិស្សានុសិស្សតាមបែបព្រះពុទ្ធសាសនាផង ដើម្បីឱ្យដឹងបាប ដឹងបុណ្យ ដឹងសីល៥ ដឹងផ្លូវកណ្ដាល ឱ្យស្គាល់ធម្មជាតិរបស់មនុស្សខ្លួនឯង កើត ចាស់ ឈឺ ស្លាប់ ត្រូវកាត់បន្ថយការលោភលន់ ចេះអត់ធ្មត់ អត់ឱនឱ្យគ្នាទៅវិញទៅមក។
ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាគឺសំខាន់ ប៉ុន្តែគួរត្រូវរួមបញ្ចូលជាមួយសីលធម៌បែបខ្មែរផង ព្រមទាំងការអប់រំតាមបែបសាសនាដទៃទៀតដូចជា គ្រិស្តសាសនា ព្រហ្មមញ្ញសាសនា ឥស្លាមសាសនាជាដើម ដោយគួរជ្រើសរើសចំណុចល្អៗពីសាសនាទាំងឡាយ ទស្សនៈវិជ្ជាទាំងឡាយ យកមកអប់រំកូនខ្មែរ តម្រង់ទិសយុវជនឱ្យក្លាយជាទំពាំងល្អសម្រាប់ស្នងឬស្សី។ ការអប់រំសីលធម៌ សុជីវធម៌តាមបែបព្រះពុទ្ធសាសនាមានសារៈសំខាន់ណាស់ ពីព្រោះព្រះសង្ឃជាអ្នកមានសីល ចេះធម៌អាថ៌តាមគម្ពីរក្បួនខ្នាតត្រឹមត្រូវ ធ្វើឱ្យសិស្សមានការប្លែកអារម្មណ៍ ហើយចង់ស្ដាប់។
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://education.ams.com.kh/education-update/national/news/expert-buddhist-moral-education-in-schools-is-playing-an-important-role-in-cultivating-the-behavior-of-children-and-youth