អត្ថប្រយោជន៍ការរស់នៅបច្ចុប្បន្នកាល

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទៈ “អត្ថប្រយោជន៍ការរស់នៅបច្ចុប្បន្នកាល"
អត្ថបទដកស្រង់ដោយ :  ប៊ុត សត្យា
#MJQE#AmericanInterconSchool      

មនុស្សគ្រប់រូបតែងតែមានបញ្ហានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកអាចជារឿងពិបាក និងស្មុគស្មាញណាស់ ។ ជារឿយៗមិនមានវិធីសាស្ត្រច្បាស់លាស់ណាមួយដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកទេ ហើយការដោះស្រាយររឿងទាំងនោះដូចជាមិនធូរសោះ នូវបញ្ហា ឬទុក្ខព្រួយទាំងនោះបានឡើយ បញ្ហាទាំងនេះបានបំផ្លាញពេលវេលា ទំនាក់ទំនងល្អៗ និងចំណាយប្រាក់កាក់មុននឹងបញ្ហាទាំងនេះត្រូវបានបញ្ចប់។ សម្រាប់ខ្ញុំសូមណែនាំបញ្ជាក់ថា ទោះបីជាវាមានអារម្មណ៍ថាវាមិនអាចទៅរួចក៏ដោយ អ្នកគួរតែព្យាយាមឈប់រស់នៅក្នុងអតីតកាល (រាល់បញ្ហាដែលកើតមានឡើងកុំទុកក្នុងចិត្ត ត្រូវយកបញ្ហានោះទុកជាមេរៀននៃជីវិត)។

មនុស្សខ្លះបន្តរស់នៅជាមួយអតីតកាល ដោយខ្វល់ខ្វាយ ឈឺចាប់ និងសោកស្តាយជាមួយរឿងរ៉ាវដែលកន្លងផុតទៅហើយនោះ ហើយអ្នកខ្លះទៀតក៏មានអំណួត មោទកភាព ចំពោះអ្វីដែលគេបានទទួលកន្លងមកដែរ។ គេមិនព្រមចាកចេញពីទីនោះឡើយ ដូចនេះគេក៏មិនអាចទៅបានឆ្ងាយពីរឿងរ៉ាវដែលផុតរលត់បាត់ទៅហើយនោះទេ។ គេមិនមែនកំពុងរស់នៅជាមួយជីវិតពិតប្រាកដឡើយ។

ពោល៖ ការរស់នៅក្នុងអតីតកាលគឺគ្មានប្រយោជន៍ទាំងស្រុងសម្រាប់អនាគតរបស់អ្នក។ ពេលវេលាគឺវាមិនឈប់ដើរទៅមុខទេ ហើយអ្នកត្រូវតែតាមឱ្យទាន់វេលា ប្រសិនបើអ្នកមិនចង់ដើរ ឬឈប់ដើរដោយរស់ក្នុងអតីតកាលស្មើនឹងអ្នកកំពុងដើរថយក្រោយ។ អ្នកត្រូវប្រើប្រាស់ឱកាសដែលនៅជុំវិញខ្លួនរបស់អ្នកឱ្យមានសារៈសំខាន់សម្រាប់ខ្លួនឯង និងអនាគតរបស់គ្រួសារយើង។ នៅពេលអ្នករស់នៅក្នុងពេលបច្ចុប្បន្ន អ្នកដឹងពីអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក ដូច្នេះហើយអ្នកដឹងពីឱកាសដែលមានសម្រាប់    អ្នក។ ប្រសិនបើអ្នករស់នៅក្នុងអតីតកាល អ្នកអាចនឹងភ្លេចទាំងស្រុងនូវឱកាសដែលឆ្លងកាត់អ្នក។

មនុស្សខ្លះទៀតរស់នៅជាមួយអនាគតកាលទៅវិញ។ ពួកគេរង់ចាំ និងសង្ឃឹមតែលើពេលវេលាដែលនឹងមកដល់។ គេមិនខ្វល់ពីអ្វីទាំងអស់ សំខាន់គឺពេលវេលាដែលនឹងមកដល់ ហើយដល់ពេលហ្នឹង គេនឹងធ្វើវា។ គេរស់នៅជាមួយក្តីសង្ឃឹមខ្ពស់បំផុត ប៉ុន្តែជាក្តីសង្ឃឹមដែលមិនមានលក្ខណៈប្រាកដនិយម ពីព្រោះយើងក៏មិនដឹងថា តើមានរឿងអ្វីកើតឡើងនៅពេលខាងមុខ។ ម្យ៉ាងវិញទៀត តើយើងអាចនឹងសម្រេចក្តីសង្ឃឹមតែលើអនាគតម្តេចបានទៅ ប្រសិនបើយើងមិនឱ្យតម្លៃអ្វីដែលយើងកំពុងមានបច្ចុប្បន្នផងនោះ?

មនុស្សខ្លះទៀតរស់នៅជាមួយបច្ចុប្បន្នកាល។ គេជាមនុស្សប្រាកដនិយម យល់យ៉ាងច្បាស់អំពីការពិត ។ មនុស្សប្រភេទនេះបានរៀនសូត្រពីអតីតកាល និងទទួលស្គាល់អតីតកាល។ អ្វីដែលសំខាន់គេចេះឱ្យតម្លៃដល់ពេលវេលាបច្ចុប្បន្ន។ គេប្រឹងប្រែងធ្វើកិច្ចការ និងសកម្មភាពបច្ចុប្បន្ននេះ ដោយមិនសង្ឃឹមតែលើពេលវេលានាអនាគត ហើយក៏មិនព្រមដេកយំសោកសៅជាមួយអតីតកាលដែរ។ អតីតកាលជា     មេរៀន អនាគតកាលជាក្តីសង្ឃឹម ប៉ុន្តែគ្រប់យ៉ាងស្ថិតនៅជាអមតៈជាមួយបច្ចុប្បន្នកាល ដូចនេះគេត្រូវតែចេះរស់នៅជាមួយបច្ចុប្បន្នកាល៕

“ចូររស់នៅជាមួយបច្ចុប្បន្ន ហើយធ្វើវាឱ្យល្អបំផុត!”