ជំនឿ និងទំនៀមរៀបផ្លែឈើក្នុងពិធីមង្គលការ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ៖ “ជំនឿ និងទំនៀមរៀបផ្លែឈើក្នុងពិធីមង្គលការ”
អត្ថបទដកស្រង់ដោយ : អ៊ិន ដារ៉ា
#MJQE#AmericanInterconSchool

មង្គលការ ឬហៅតាមពាក្យសំស្រ្កឹតថាអាពាហ៍ពិពាហ៍ ជាកិច្ចដ៏សំខាន់ក្នុងដំណើរជីវិតមនុស្ស។ អ្នកស្រាវជ្រាវចាត់ចូលពិធីនេះជាដំណាក់កាលនៃកិច្ចឆ្លងវ័យរបស់មនុស្សម្នាក់ៗក្នុងសង្គមខ្មែរ។ តាមទំនៀមក្នុងស្រុកភូមិនីមួយៗ គេតែងពឹងពរព្រឹទ្ធាចារ្យចាស់ទុំធ្លាប់បួសរៀនចេះដឹងក្បួនច្បាប់ច្បាស់ លាស់មកដឹកនាំ និងរៀបចំកិច្ចឱ្យត្រូវតាមលំដាប់លំដោយដើម្បីកើតមង្គលដល់គូស្វាមីភរិយាថ្មី។ ក្នុងពេលបច្ចុប្បន្ន ក្រៅពីរើសរកមនុស្សចាស់ទុំត្រឹមត្រូវ ផ្លៃឈើ និងនំនែកផ្សេងៗដែលជាជំនូន ឬបណ្ណាការ ខាងប្រុសត្រូវជូនទៅខាងស្រីក្នុងថ្ងៃហែជំនូន (ឬហៅហែកំណត់) ក៏គេជឿថាសុទ្ធសឹងជារបស់មានខ្លឹមសារ និងអត្ថន័យនាំឱ្យកើតមង្គល ហើយសន្មតហៅថា “ផ្លៃឈើ៣៦មុខ”។

យោងតាមក្បូនអាពាហ៍ពិពាហ៍របស់ឧកញ៉ាមហាមន្រ្តី ញិក នូវ និងក្បួនទម្រង់ការអាពាហ៍ពិពាហ៍របស់ឧត្តមមន្រ្តី ចាប ពិន ដែលអ្នកស្រាវជ្រាវ និងអ្នកប្រតិបត្តិមួយភាគយល់ថាជាឯកសារចាស់ជាងគេត្រូវលើកយកគោល ពុំមានចំណុចណានិយាយវែងឆ្ងាយអំពីជំនឿ និងទំនៀមរៀបផ្លែឈើទាំង៣៦មុខដូចឃើញសព្វថ្ងៃឡើយ។ ប៉ុន្ដែក្នុងពិធីរាជាភិសេក គេឃើញមានរៀបរាជបណ្ណាការដូចជា សំពត់១កី ទឹកអប់៤ដប (ញែកដាក់ជា២ពាន) ផ្លែឈើស្រស់ (ច្រើនមុខ) នំស្រស់ (ច្រើនមុខ) នំក្រៀម (ច្រើនមុខ) ព្រមទាំងរបស់ផ្សេងទៀតតាមលទ្ធភាពរកបាន និងតាមចំណូលចិត្ត។ របស់ទាំងអស់គេត្រូវរៀបដាក់តុប្រាក់ ឬតោក ដោយលៃក្នុងមួយមុខ ១គូ។ ចំពោះរបស់ដាក់ដប ដាក់បំពង់ គេរៀបឱ្យមាន២ដប ឬ៤ដប ក្នុង១ តុ ឬ១តោក។

ពីបុរាណកាល នៅឱកាសរៀបចំឱ្យកូនប្រុសស្រីមានប្ដីប្រពន្ធ តាំងពីនិយាយចែចូវរហូតដល់មង្គលការ គេនាំគ្នាធ្វើនំមួយចំនួនដូចជា នំអន្សម នំគម នំបត់ ឬនំកន្សែង នំកន្រ្តំ នំខ្ញី នំកង់ខ្វៀន នំផ្កាក្រវាញ នំឃ្មោះ នំលម្អងរំចេក នំសំបុកចាប និងនំភឹង ប្រើជាជំនូនភ័ស្តុភារបណ្ណាការ។ នំទាំងអស់នេះ ខ្លះឃើញនៅមាននិយមដល់សព្វថ្ងៃ ខ្លះនៅឮឈ្មោះតែបាត់រូបរាង ក្មេងជាន់ក្រោយពុំដែលឃើញឡើយ។ ប៉ុន្តែលុះសម័យក្រោយមករកកំណត់ពេលពុំឃើញ ខ្មែរទូទៅនិយមយកផ្លែឈើជាច្រើនជំពូក និងនំនែក     ផ្សេងៗរួមទាំងនំគម និងអន្សមផង មកតាក់តែងស្អិតស្អាងរៀបចំយ៉ាងប្រណីត ប្រើក្នុងកិច្ចមង្គលដូចសព្វថ្ងៃនេះហាក់ដូចជាមានក្រឹត្យក្រមក្នុងជំនឿគួរពិចារណាដែរ។ ជាការកត់សម្គាល់ គេពុំប្រើផ្លែទៀប ស្វាយ សាវម៉ាវ ម្នាស់ ស្ពឺ ផ្ញៀវ ត្របែក ឬទុរេនឡើយ ព្រោះគេយល់ថាជំពូកផ្លែឈើទាំងអម្បាលនេះ ហាក់មានឈ្មោះ និងរូបរាងលក្ខណៈមិននាំមកនូវមង្គល។ រីឯផ្លែឈើ និងបន្លែដែលគេពេញនិយមស្ទើខ្វះមិនបាន គឺផ្លែមៀន ផ្លែត្រប់ និងផ្លែត្រឡាចជាដើម។ ផ្លែឈើ និងបន្លែនេះគេយល់ថា ជាអ្វីដែលនាំឱ្យគូស្វាមីភរិយាថ្មីមានសុភមង្គល ត្រជាក់ត្រជុំ និងសម្បូរទ្រព្យធន។

បន្ទាប់ពីកិច្វហែជំនូនចូលដល់គេហដ្ឋានខាងស្រីចប់សព្វគ្រប់ លោកមេបាតែងធ្វើកិច្ចរាប់ផ្លែឈើ ដោយបង្គាប់ឱ្យចៅមហាពឹងពរអ្នកចម្រៀងច្រៀងរៀបរាប់ផ្លែឈើ។ លុះអ្នកចម្រៀងច្រៀងរៀបរាប់ចប់ ចៅមហាលើកផ្លែឈើទាំងនោះជូនលោកមេបា ហើយពោលបញ្ជាក់ថា “ផ្លែឈើទាំងនេះបានមកពីភូមិសម្បុក ស្រុកសម្បូណ៌ នគរមានជ័យ ព្រៃហេមព្វាន”។ ក្នុងឃ្លានេះលោកសន្មត និងឧបកិច្ចថាផ្លែឈើទាំងអស់គ្រប់ចំនួន៣៦មុខ ហើយសុទ្ធសឹងបានមកពីកន្លែងស្អាតស្អំ (ព្រៃហេមព្វាន) គ្មានមនុស្សធ្លាប់់ទៅបេះបោច ឬប៉ះពាល់ឡើយ សម្រាប់យកមករៀបចំពិធីឱ្យមានមង្គល។ បន្ទាប់មកលោកអាចារ្យដឹកនាំធ្វើកិច្ចសែនព្រេនផ្លែឈើជូនជីដូនជីតា។ រីឯខ្លឹមសារដែលរួមមកក្នុងលក្ខណៈជាសិល្បៈអំពីផ្លែឈើទាំងនោះវិញមានក្នុងចម្រៀងប្រពៃណីបីបទគឺ "កាត់ត្រើយ" "ជាយកន្សែង៉" និង "ចំបក់រោយ" ដែលគេតែងលើកចម្រៀងកំដរកិច្ចត្រង់នេះ។

សរុបមកជំនឿ និងទំនៀមរៀបចំផ្លែឈើជាជំនូនយ៉ាងគគ្រឹកគគ្រេងសម្បូរបែបដូចសព្វថ្ងៃ ហាក់ដូចជាវិវឌ្ឍន៍មកតាមសម័យកាល និងធនធានសាមីពិធី តែភ្ជាប់នឹងជំនឿដែលខ្មែរភាគច្រើនជឿដូចគ្នាលើរបស់ជាមង្គល និងអពមង្គល។ លើសពីនេះវាជាចំណែកមួយបង្ហាញឱ្យឃើញពីសង្គមសេដ្ឋកិច្ច និងផ្នត់គំនិតថ្មី ដែលផ្លែឈើជាជំនូនបង្ហាញពីកិត្តិយស និងភាពសម្បូរហូរហៀររបស់សាមីពិធី។ សូមបញ្ជាក់ថាការរៀបចំផ្លែឈើមានតាំងពីនៅក្នុងពិធីភ្ជាប់ពាក្យផងដែរ។