សារៈសំខាន់ទាំង០៥ នៃការប្រាស្រ័យទាក់ទង ឬជំនួបរវាងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សារៈសំខាន់ទាំង០៥ នៃការប្រាស្រ័យទាក់ទង ឬជំនួបរវាងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
#MJQE #AmericanInterconSchool

តើការប្រាស្រ័យទាក់ទង ឬជំនួបរវាងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សធ្វើឡើងញឹកញាប់ប៉ុណ្ណានៅសាលារបស់កូនលោកអ្នក? មានវិធីផ្សេងគ្នាជាច្រើនក្នុងការប្រាស្រ័យទាក់ទងជាមួយលោកគ្រូ អ្នកគ្រូដូចជា ការផ្ញើអ៊ីម៉ែល លិខិត ទាក់ទងតាមទូរសព្ទ និងការណាត់ជួបផ្ទាល់ជាដើម។ មិនថាតាមវិធីណា ការប្រាស្រ័យទាក់ទងនេះអាចមានឥទ្ធិពលដល់ការសិក្សារបស់កូនលោកអ្នក។ ខាងក្រោមនេះគឺជា សារៈសំខាន់ទាំង០៥ នៃការប្រាស្រ័យទាក់ទង ឬជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស៖

១. ធ្វើឱ្យសមិទ្ធិផលសិក្សាកាន់តែប្រសើរ :
នៅពេលដែលលោកគ្រូ អ្នកគ្រូស្គាល់សិស្សរបស់ពួកគាត់កាន់តែច្បាស់ ពួកគាត់នឹងអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អអំពីរបៀប និងអ្វីដែលត្រូវបង្រៀនពួកគេ។ តាមរយៈការប្រាស្រ័យទាក់ទងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូអាចប្រមូលព័ត៌មានអំពីចំណាប់អារម្មណ៍ រចនាបថសិក្សា និងតម្រូវការរបស់សិស្សម្នាក់ៗប្រកបដោយប្រសិទ្ធភាព។

២. ធ្វើឱ្យបរិស្ថានសាលាកាន់តែមានសុវត្ថិភាព :
ជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សអំពីអាកប្បកិរិយារបស់សិស្សនៅក្នុងសាលារៀន ជួយឱ្យលោកគ្រូ អ្នកគ្រូយល់ពីមូលហេតុដែលសិស្សធ្វើ ឬប្រព្រឹត្តខុសក្នុងស្ថានភាពជាក់លាក់ណាមួយនៅក្នុងសាលា និងរបៀបដែលលោកគ្រូ អ្នកគ្រូអាចដោះស្រាយដោយប្រសិទ្ធភាព។ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សដែលចូលរួមជាមួយសាលារៀនគឺជាការវិនិយោគមួយកាន់តែប្រសើរដែលអាចឱ្យសិស្សមានអារម្មណ៍ថាសាលាកាន់តែមានសុវត្ថិភាពសម្រាប់ពួកគាត់ដូចនៅផ្ទះរបស់ពួកគាត់។

៣. អាចបង្ការបញ្ហាអាកប្បកិរិយា និងការសិក្សារបស់សិស្ស :
មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សគួរតែចូលរួមក្នុងការអប់រំកូនរបស់ពួកគាត់នៅគ្រប់ដំណាក់កាល មិនមែនគ្រាន់តែនៅពេលដែលមានបញ្ហាកើតឡើងនោះទេ។ តាមរយៈការប្រាស្រ័យទាក់ទង ឬជំនួបមាតាបិតា ឬអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូអាចរកឃើញបញ្ហាដែលអាចកើតមានលឿន មុនពេលសិស្សឈានដល់បញ្ហាធំជាងនេះ។ លោកគ្រូ អ្នកគ្រូក៏អាចប្រមូលទិន្នន័យអំពីសិស្សម្នាក់ៗ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការជួយសិស្ស។

៤. អាចធ្វើឱ្យស្ថានការណ៍អាក្រក់ប្រែជាកាន់តែប្រសើរឡើង :
ជារឿយៗលោកគ្រូ អ្នកគ្រូត្រូវដោះស្រាយបញ្ហាអាកប្បកិរិយា កង្វល់សុខភាពផ្លូវចិត្ត និងបញ្ហាផ្សេងៗជាច្រើនដែលកើតចេញពីការរស់នៅ នៅផ្ទះរបស់សិស្ស។ នៅពេលលោកគ្រូ អ្នកគ្រូទាក់ទងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាមុនពេលដែលបញ្ហាកាន់តែអាក្រក់ លោកគ្រូ អ្នកគ្រូតែងតែអាចជួយសិស្ស និងផ្តល់ផលវិជ្ជមានក្នុងជីវិតរបស់សិស្ស។

៥. មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សអាចផ្តល់ការយល់ដឹង ឬព័ត៌មានបន្ថែមរបស់កូនពួកគាត់ដល់លោកគ្រូ អ្នគគ្រូ :
ការប្រាស្រ័យទាក់ទង ឬជំនួបរវាងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូពិតជាមានសារៈសំខាន់ ពីព្រោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សអាចជួយដល់លោកគ្រូ អ្នកគ្រូឱ្យយល់កាន់តែច្បាស់អំពីសិស្ស និងផ្តល់ព័ត៌មានបន្ថែមអំពីជំនួយដែលត្រូវការ ឬអ្វីដែលពួកគេពូកែ។ វាផ្តល់ឱ្យលោកគ្រូ អ្នកគ្រូនូវព័ត៌មានអំពីសិស្ស និងអនុញ្ញាតឱ្យពួកគាត់ដឹងពីអ្វីដែលពួកគាត់អាចធ្វើដើម្បីជួយសិស្សបាន។