ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី១០ ទៅកាន់រមណីយដ្ឋានភ្នំដា

កាលពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ​២០២៤​ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ កម្មវិធីដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានប្រាសាទភ្នំដា ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញស្ថិតនៅឃុំគោកធ្លក ស្រុកអង្គបុរី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ សម្រាប់សិស្សានុសិស្សថ្នាក់ទី​១០ នៃសាលារៀនអន្តរទ្វីប អាមេរិកាំង​​ នៃសាខាសែនសុខ។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រជាតិដ៏ល្បីល្បាញ ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។​ ក្រៅពីនេះសិស្សានុសិស្ស ក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ និងពីរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ទាំងនោះបានយ៉ាងប្រសើរផងដែរ។ ម្យ៉ាងទៀត ដំណើរទស្សនកិច្ចបាន ​ បង្កើនភាពស្និទ្ធស្នាល សម្រាប់សិស្សានុសិស្ស​​​ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយ ក៏ដូចជាបង្កើនភាពក្លាហានសម្រាប់សិស្សានុសិស្ស ក្នុងការចូលរួម សហការ ទំនាក់ទំនងល្អជាមួយមហាជន ជាពិសេសរឹតចំណងមិត្ដភាពពួកគេកាន់តែមានភាពរឹងមាំបន្ថែមទៀតផងដែរ។ ក្រៅពីនោះសិស្សក៏បានចុះទៅឧបត្ថម្ភអំណោយសប្បុរធម៌ដល់សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យភ្នំដាផងដែរ។​ ក្នុង​ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយល្អប្រសើរ ក្រោមការសហការបានយ៉ាងល្អ ប្រកបទៅដោយភាពស្និទ្ធស្នាល និងមានភាពសប្បាយរីករាយ។