ផ្កាយរណបធ្វើពីឈើដំបូងបង្អស់លើលោក គ្រោងបាញ់បង្ហោះនៅឆ្នាំនេះ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទៈ “ផ្កាយរណបធ្វើពីឈើដំបូងបង្អស់លើលោក គ្រោងបាញ់បង្ហោះនៅឆ្នាំនេះ"
អត្ថបទដកស្រង់ដោយ :  ប៉ែន វិរៈ
#MJQE#AmericanInterconSchool      

ការរកឃើញផ្កាយរណប ឬ Satellite ធ្វើអំពីឈើដំបូងបង្អស់នៅលើពិភពលោក ត្រូវបានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន ដែលនឹងត្រូវបាញ់បង្ហោះដោយរ៉ុក្កែតក្រុមហ៊ុន SpaceX របស់សហរដ្ឋអាមេរិក នាខែកញ្ញាខាងមុខ។ ផ្កាយរណបធ្វើពីឈើដំបូងបង្អស់លើពិភពលោក ដែលមានឈ្មោះថា LignoSat គឺជាគូបតូចទំហំ ១០សង់ទីម៉ែត្រធ្វើពីបន្ទះឈើ Magnolia មានកម្រាស់៤ ទៅ ៥.៥មីលីម៉ែត្រ ដែលមានទម្ងន់ប្រហែល១គីឡូក្រាមប៉ុណ្ណោះ ជាមួយស៊ុមមួយផ្នែកផលិតចេញពីអាលុយមីញ៉ូម ភ្ជាប់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅផ្នែកខ្លះ។

ប្រភពសារព័ត៌មានពីប្រទេសជប៉ុនតាមសារព័ត៌មាន ក្យូដូ (Kyodo News) កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ បានឱ្យដឹងថា ផ្នែកនីមួយៗនៃផ្កាយរណបពិសោធន៍ ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ ក្យូតូ (Kyoto University) រួមជាមួយនឹងក្រុមហ៊ុនកាប់ និងកែច្នៃឈើ Sumitomo Forestry Co. នេះ គឺមានគោលបំណងប្រើប្រាស់ការផ្សារភ្ជាប់ជាមួយបរិស្ថាន និងដោះស្រាយកង្វល់ដែលកំពុងកើនឡើងនៃកម្ទេចកម្ទីអវកាស ក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់អនាគតប្រកប ដោយនិរន្តរភាពបន្ថែមទៀតនៅក្នុងការអភិវឌ្ឍលំហ។

ផ្កាយរណបធ្វើពីឈើត្រូវបានមើលឃើញថា មានភាពល្អប្រសើរសម្រាប់បរិស្ថាននៅពេលឆេះ អំឡុងពេលត្រឡប់ចូលបរិយាកាសផែនដីវិញ នៅចុងបញ្ចប់នៃប្រតិបត្តិការរបស់វា។ បើប្រៀបធៀបទៅនឹងផ្កាយរណបធម្មតាធ្វើពីលោហធាតុអាចបង្កើតភាគល្អិតអាលុយមីញ៉ូម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាកាសធាតុ ទូរគមនាគមន៍ និងទំនាក់ទំនងផ្សេងទៀត។ នេះបើតាមការអះអាងពីក្រុមអ្នកអភិវឌ្ឍនៅពេលប្រកាសបញ្ចប់ដំណើរការផលិតផ្កាយរណបនេះ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ លោក Takao Doi អវកាសយានិក និងជាសាស្ត្រាចារ្យពិសេសនៃសកលវិទ្យាល័យ ក្យូតូ បានប្រាប់សន្និសីទសារព័ត៌មានថា «ផ្កាយរណបមិនធ្វើពីលោហៈ គួរតែក្លាយជាធាតុដ៏សំខាន់»។
ប្រភពដដែលបន្តថា ក្រុមអ្នកអភិវឌ្ឍគ្រោងនឹងប្រគល់ផ្កាយរណបផលិតពីឈើនេះ ទៅទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA នៅសប្តាហ៍ក្រោយ។ នៅពីទីនោះ ផ្កាយរណប LignoSat នឹងត្រូវបានឆ្លងកាត់      ម៉ូឌុលពិសោធន៍ ISS របស់ជប៉ុន ដើម្បីសាកល្បងកម្លាំង និងភាពធន់ មុនពេលបញ្ជូនបន្តទៅកាន់ក្រុមហ៊ុន SpaceX ហើយនឹងត្រូវបាញ់បង្ហោះដោយរ៉ុក្កែតចេញពីមជ្ឈមណ្ឌលអវកាស Kennedy ដែលមានមូលដ្ឋានលើកោះ Merritt នៃរដ្ឋផ្លរីដា (Florida) នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

នៅក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ផងដែរ រ៉ុក្កែតដែលផ្ទុកផ្កាយរណបដ៏ទំនើបដាច់ដោយឡែកមួយផ្សេងទៀត ដែលជាកិច្ចសហការរវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានបាញ់ចេញពីរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងបេសកកម្មស៊ើបអង្កេតថា តើពពកមានតួនាទីអ្វីខ្លះ? នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://kohsantepheapdaily.com.kh/article/1934566.html