នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ មូលនិធិ ម៉េងលី ជេ. គួច (MJQ Foundation) ក្រោមការសហការឧបត្ថម្ភដោយសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំយកអំណោយសប្បុរធម៌ ទៅចែកជូនដល់កុមារកំព្រា ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាស្មោង ដែលសិ្ថតនៅភូមិស្មោង ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។
កម្មវិធីនេះមានការរៀបចំ និងសម្របសម្រួលដោយក្រុមការងារ មូលនិធិ ម៉េងលី ជេ. គួច ដោយមានការចូលរួមពីសំណាក់ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចូលរួមយ៉ាងច្រើនកុះករ។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា សាលាតែងតែជំរុញលើកទឹកចិត្ត និងបណ្តុះស្មារតីសិស្សានុសិស្សក្នុងការចែករំលែក តាមរយៈសកម្មភាពសប្បុរសធម៌ ដូចនេះហើយ ជារៀងរាល់ឆ្នាំ សាលាតែងតែរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈសកម្មភាពចែកអំណោយទៅដល់សាលារៀនដែលខ្វះខាត មណ្ឌលកុមារកំព្រា និងគ្រួសារក្រីក្រដែលនៅតាមសហគមន៍នានា ទូទាំងប្រទេសកម្ពុជា។ លោកស្រីក៏បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្ស និងកុមារកំព្រាដែលនៅទីនោះថា សូមឱ្យពួកគាត់ ខិតខំសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹង និងជំនាញច្បាស់លាស់ ក្នុងការយកទៅប្រកបរបរចិញ្ចឹមជីវិត ហើយត្រូវធ្វើជាមនុស្សល្អ ពលរដ្ឋល្អ និងមានការរស់នៅល្អ នៅក្នុងសង្គម ដូចប្រសាសន៍របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា “ដឹកនាំខ្លួនឯងឱ្យថ្លៃថ្លា ដឹកនាំគ្រួសារឱ្យត្រជាក់ត្រជុំ ដឹកនាំសង្គមឱ្យថ្លៃថ្នូរ ដឹកនាំនគរឱ្យអភិវឌ្ឍ!”
គួរបញ្ជាក់ផងដែរថា អំណោយសប្បុរសធម៌ដែលនាំយកទៅកាន់មណ្ឌលកុមារកំព្រាស្មោង គឺទទួលបានមកពីការបរិច្ចាគ ពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសប្បុរសជនដទៃទៀត ដែលរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈអនាម័យ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារសិក្សារៀនសូត្រ និងសម្លៀកបំពាក់មួយចំនួនផងដែរ។
មូលនិធិ ម៉េងលី ជេ. គួច តែងតែយកអំណោយសប្បុរសធម៌ ទៅចែកជូនដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា និងសិស្សានុសិស្សដែលមានការខ្វះខាតខាងសម្ភារសិក្សាជាដើម ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។