អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អាហារ៤ប្រភេទល្អសម្រាប់ក្មេងទើបតែចេះដើរ”
អត្ថបទដកស្រង់ដោយ : អ៊ាត ចំរើន
#MJQE #AmericanInterconSchool
កុមារដែលទើបនឹងចេះដើរ ជាវ័យមួយកាន់តែរពឹស និងចង់ដឹង ចង់ស្គាល់មជ្ឈដ្ឋានជុំវិញ។ ប៉ុន្តែនេះជាលក្ខណៈពិសេសរបស់ពួកគេ ដែលកំពុងលូតលាស់ផ្នែកកាយសម្បទា កម្លាំង ស្មារតី និងបញ្ញា។ ដូច្នេះ នៅពេលកុមារលូតលាស់ក្នុងដំណាក់កាលចេះដើរ ឪពុកម្តាយ ឬអ្នកអាណាព្យាបាលទាំងឡាយ គួរតែគិតគូរលើរបបអាហារដល់កូនៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។ ខាងក្រោមនេះជារបបអាហារទាំង៤ប្រភេទ ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះកុមារតូចៗទើបតែចេះដើរគួរបរិភោគ៖
១. ទឹកដោះគោ និងផលិតផលពីទឹកដោះគោ : មានកម្រិតជាតិកាល់ស្យូមខ្ពស់ ជំនួយដល់សុខភាពឆ្អឹង និងធ្មេញ។ វាមានវីតាមីន A ជួយដល់ប្រព័ន្ធភាពស៊ាំ ស្បែក និងភ្នែកឱ្យមានសុខភាពល្អ។
២. បន្លែ និងផ្លែឈើ : ជាប្រភពវីតាមីន សម្បូរទៅដោយជាតិរ៉ែ និងជាតិសរសៃខុសគ្នាៗ អាស្រ័យតាមប្រភេទបន្លែ និងផ្លែឈើនីមួយៗ។ ដូច្នេះ សូមផ្ដល់ឱ្យកុមារបរិភោគជារៀងរាល់ថ្ងៃ។
៣. សាច់សត្វ សាច់ត្រី ស៊ុត សណ្ដែក (សណ្ដែកសៀង សណ្ដែកឡង់ទី សណ្ដែកក្រាម និងអាហារផលិតពីពពួកសណ្ដែកដូចជា តៅហ៊ូ) និងប្រភពប្រូតេអ៊ីនដែលមិនផលិតពីទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រភេទត្រីមានខ្លាញ់ច្រើនដូចជា ត្រីស្បៃកា ត្រីសាល់ម៉ុន និងត្រីសាឌីន ដែលជាប្រភពនៃជាតិប្រូតេអ៊ីន និងជាតិដែក ដែលជំនួយដល់ការលូតលាស់សរីរាង្គរបស់កុមារ។ ដូច្នេះ សូមឱ្យកុមារញ៉ាំអាហារប្រភេទនេះ ១ទៅ២ចំណែកក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។
៤. អាហារសម្បូរជាតិកាបូនអ៊ីដ្រាត (ប្រភេទអាហារម្សៅដូចជា នំប៉័ង ដំឡូង ឬដំឡូងជ្វា អង្ករ) : ជាប្រភពដ៏សំខាន់នៃកាឡូរីក្នុងរបបអាហារសម្រាប់យើងគ្រប់គ្នា មិនថាកុមារ ឬមនុស្សពេញវ័យ ឬមនុស្សចាស់។ អាហារប្រភេទនេះ ផ្ដល់អត្ថប្រយោជន៍ដូចជា ផ្ដល់ថាមពល ជីវជាតិ និងជាតិសរសៃបានច្រើន។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://sokhakrom.com